(សៀមរាប)៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០២៤ ក្រសួង​កិច្ចការ​នារី​ និងអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី «លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន» ជាមន្ត្រីក្រសួង និងមន្ទីរកិច្ចការនារីចំនួន១០ រួមមាន៖ ខេត្តសៀមរាប កំពត កោះកុង ក្រចេះ ពោធិ៍សាត់ ព្រះសីហនុ ស្ទឹងត្រែង ឧត្តរមានជ័យ កែប និងខេត្តប៉ៃលិន ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកិច្ចការនារីឱ្យទទួលបានចំណេះដឹងពីផលប៉ះពាល់ នៃគ្រឿងញៀនក៏ដូចជាតួនាទីដ៏សំខាន់របស់ស្ត្រីជាម្តាយក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់និងចែកចាយគ្រឿងញៀននៅក្នុងគ្រួសារនិងសហគមន៍។

លោក លី សារី អភិបាលរង តំណាងអភិបាលខេត្តសៀមរាប មានមតិស្វាគមន៍ និងបង្ហាញពីការរីកចម្រើនរបស់ខេត្តក៏ដូចជា ការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងខេត្តសៀមរាប។

ថ្លែងក្នុងនាម នាយឧត្ដមសេនីយ៍​ មាស​ វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានកោតសរសើរពីសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះកិច្ចខិតខំរបស់បងប្អូនជាស្រ្តីក្រៅពីជួយជ្រោងសេដ្ឋកិច្វគ្រួសារ បានចូលរួមចំណែកអនុវត្តនូវយន្តការពហុវិស័យ​និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ កសាងបាននូវសហគមន៍គ្រួសារពោរពេញដោយសុភមង្គល រាល់ពាក្យទូន្មានតាមរយៈស្ត្រីក្នុងភាពជាជីដូន ជាម្ដាយជាបងស្រី គឺមានភាពស្រទន់ហើយឆាប់ចាក់ចូលទៅក្នុងបេះដូងរបស់បងប្អូនក៏ដូចជាបុត្រធីតាឆាប់ទទួលយកបាន។

ថ្លែងនាមលោកស្រីកិត្តិបណ្ឌិត​ អ៊ឹង​ កន្ថាផាវី​ រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​ នា​ឱកាសនោះលោកស្រី គង់ សំអូន អនុរដ្ឋលេខាធិការ​ បានលើកឡើងពីតួនាទីសំខាន់បាំបាច់របស់ស្រ្តីក្នុងការចូលរួមចំណែកការងារជួយសង្គម​ផ្សេងៗពិសេសការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រោះថាបញ្ហាគ្រឿងញៀនជាដើមចម នៃអំពើហិង្សា និងឧក្រិដ្ឋកម្មគ្រួសារ និងមានបញ្ហាលំបាកបំផុតប្រសិនបើមានសមាជិកគ្រួសារណាម្នាក់ ធ្លាក់ចូលទៅក្នុងបញ្ហាគ្រឿងញៀន និងបានណែនាំឲ្យគ្រប់តំណាងមន្ទីរទាំង១០ យកចំណេះដឹង និងព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងការប្រើប្រាស់ App NoDrug ដើម្បីទៅផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាន សហគមន៍ប្រើប្រាស់សម្រាប់ការដោះស្រាយបញ្ហារបស់ខ្លួន។

ឧត្តមសេនីយ៍ត្រី យិន យឿត បានប្រាប់ឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះគឺមានរយៈពេល២ថ្ងៃហើយ វាគ្មិនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានផ្តល់ធាតុចូលលើចំណេះដឹងពាក់ព័ន្ធអ្វីទៅជាគ្រឿងញៀន? ឥទ្ធិពលគ្រោះថ្នាក់ និងហេតុអ្វីបានជាគេប្រើ? របៀបបដិសេធគ្រឿងញៀន ច្បាប់ស្ដីពីការត្រួតគ្រឿងញៀន និងអត្ថប្រយោជន៍នៃការប្រើប្រាស់ App NoDrug ដើម្បីរាយការណ៍គ្រប់ករណីគ្រឿងញៀន និងតួនាទីរបស់ស្ត្រីក្នុងភាពជាម្ដាយដើម្បីចូលរួមបង្ការ ទប់ស្កាត់ ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងគ្រួសារ៕