(ភ្នំពេញ)៖ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអំពាវនាវមន្ត្រីស្រុកប្រតិបត្តិ អាជ្ញាធរសង្កាត់ខណ្ឌ ព្រមទាំងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់, អាជ្ញាធរដែនដីខណ្ឌ, សង្កាត់ទាំង១០៥ មិនត្រូវខ្លាចរឿងបិទទីតាំងអាជីវកម្មសុខាភិបាលណាដែលខុសច្បាប់នោះទេ។ យើងមានច្បាប់ក្នុងដៃ និងមានការណែនាំពីថ្នាក់ដឹកនាំរួចហើយ។
ក្នុងពិធីផ្សព្វផ្សាយការពង្រឹងនិយត័កម្មសុខាភិបាល នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោក ងី មានហេង បានឲ្យដឹងថា ស្ថិតិសេវាសុខាភិបាលឯកជន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ ខ្នាតតូចមាន មានសរុប ៣.៨៤៧ទីតាំង, ឱសថស្ថានឯកជនក្នុងខែវិច្ឆិកា មានចំនួន១៨០៣កន្លែង, អគារលក់ឱសថបូរាណមាន៩២ទីតាំង។
ប្រធានមន្ទីរសុខាភិបាល បានអំពាវនាវអាជ្ញាធរដែនដី បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ត្រូវចាត់ការភ្លាម នៅពេលដឹងថា មូលដ្ឋាននោះ បើកអាជីវកម្មលើវិស័យសុខាភិបាល ដោយគ្មានច្បាប់អនុញ្ញាត ឬខុសច្បាប់។
លោកបានអំពាវនាវអាជ្ញាធរដែនដី បុគ្គលិកសុខាភិបាលត្រូវស្គាល់ទីតាំងអាជីវកម្មណាដែលខុសច្បាប់ ទីតាំងណាដែលស្របច្បាប់ដោយអនុវត្តតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចប្រសាសន៏ណែនាំរបស់ អភិបាលរាជធានីភ្នំពេញ ប្រាប់ឲ្យប្រធានមណ្ឌលសុខភាព សហការជាមួយអាជ្ញាធរដែនដី ត្រូវដឹងពីទីតាំងអាជីវកម្ម ផ្តល់សេវាសុខាភិបាលឯកជន ទាំងអស់ ក្នុងមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ។
លោក អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងតំណាងលោក ឃួង ស្រេង ដែលបានអញ្ជើញជាអធិបតីនាពេលនោះ បានថ្លែងថា អ្នកគ្មានវិជ្ជាជីវៈសុខាភិបាល មិនអាចផ្តល់សេវាសុខាភិបាលបានទេ បើប្រព្រឹត្តនោះជាអំពើខុសច្បាប់។ លោកបន្តថា «កន្លងមក យើងបានទប់ស្កាត់សេវាសុខាភិបាលឯកជនខុសច្បាប់ជាហូរហែរ ដូចជាបន្ទប់ពិគ្រោះព្យាបាលជំងឺខុសច្បាប់ មជ្ឈមណ្ឌលកែសម្ផស្សខុសច្បាប់ជាដើម»។
អភិបាលរងរាជធានីភ្នំពេញ បានក្រើនរំលឹកអស់លោក លោកស្រីអភិបាលរងខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលព្រមទាំងបុគ្គលិក សុខាភិបាលគ្រប់ជាន់ថ្នាក់ត្រូវត្រួតពិនិត្យឡើងវិញនូវមូលដ្ឋាន សុខាភិបាលឯកជនទាំងអស់ ដែលបានចែងក្នុងការណែនាំ និងផ្សព្វផ្សាយស្តីពីការពង្រឹងនិយ័តកម្មសុខាភិបាលឯកជន នៅរាជធានីភ្នំពេញ៕