Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាហ្សង់ទីន ប្រកាសថ្កោលទោស ចក្រភពអង់គ្លេស ដែលរៀបចំសមយុទ្ធយោធា នៅតំបន់ប្រជុំកោះជម្លោះ Malvinas

15-10-2016 11:31

(អាហ្សង់ទីន)៖ រដ្ឋាភិបាលអាហ្សង់ទីន បានថ្កោលទោសចំពោះគំរោងរបស់ចក្រអង់គ្លេស ក្នុងការរៀបចំ សមយុទ្ធយោធា នៅសប្តាហ៍ក្រោយនេះ ក្បែរតំបន់ប្រជុំកោះ Malvinas ដែលកំពុងមានបញ្ហាវិវាទ រវាងប្រទេសទាំងពីរ ហើយប្រជុំកោះនោះ ត្រូវបានស្គាល់ដោយជនជាតិអង់គ្លេសថា «The Falklands»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦។

ក្រោយពីបានដឹងថា រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស នឹងធ្វើសមយុទ្ធយោធា ក្បែរប្រជុំកោះ Malvinas នៅចន្លោះថ្ងៃទី១៩ និងទី២៨ ខែតុលា អធិការបតីរងអាហ្សង់ទីន លោក Carlos Foradori បានពាំនាំ យកនូវលិខិតមួយច្បាប់ទៅកាន់ ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស លោក Mark Kent ដែលបានបង្ហាញ ពីការជំទាស់ជាផ្លូវការ ចំពោះការធ្វើសមយុទ្ធយោធានេះ ហើយបានទាមទារ ឲ្យចក្រភពអង់គ្លេស បញ្ឈប់គំរោងនៃការធ្វើសមយុទ្ធនេះ ដែលត្រូវបានប្រទេសអាហ្សង់ទីនចាត់ទុកថា ជារឿងខុសច្បាប់។ ទន្ទឹមគ្នានេះដែរ លោក Foradori ក៏បានជូនដំណឹងពីសភាពការណ៍នេះ ទៅកាន់អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិផងដែរ។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសអាហ្សង់ទីន លោក Susana Malcorra បានថ្លែងនៅក្នុង សន្និសីទសារព័ត៌មានមួយថា ប្រជាជាតិអាហ្សង់ទីន បានបដិសេធ និងអាចមិនទទួលយកបាន ជាដាច់ខាត ចំពោះការធ្វើសមយុទ្ធយោធាទាំងនេះ នៅលើទឹកដីរបស់ខ្លួន ដែលកំពុងស្ថិតនៅក្រោម ការកាន់កាប់ ដោយខុសច្បាប់របស់ចក្រភពអង់គ្លេស។

គួរបញ្ជាក់ថា ប្រទេសអាហ្សង់ទីន បានអះអាងថា ប្រជុំកោះ Malvinas ដែលមានទីតាំងនៅ ភាគខាងត្បូងមហាសមុទ្រអាត្លង់ទិក ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ខណៈកោះទាំងនោះ កំពុងស្ថិតនៅក្រោមការគ្រប់គ្រង របស់ចក្រភពអង់គ្លេស៕