(កោះកុង)៖ លោកស្រី ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃលើការងារថែទាំផ្លូវខួបចំនួន ១ខ្សែ ដោយល្បាយក្រួសក្រហមប្រវែងសរុប ៧៤០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិវង់កាថាក់ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង អនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង(ប្រើប្រាស់ថវិការាជរដ្ឋាភិបាល)។
បន្ទាប់ពីបានត្រួតពិនិត្យផ្លូវរួចរាល់ជាស្ថាបពរ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងបានឯកភាព និងទទួលយកបញ្ចប់ការងារ ១០០% តាមការស្នើសុំរបស់អ្នកទទួលការ។
លោកស្រីអនុរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលអាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរ សូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថា ផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់គ្នា។
លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ការងារថែទាំខួបផ្លូវចំនួន១ខ្សែ ដោយក្រាលល្បាយគ្រួសប្រវែង ៧៤០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមុខមូលចំនួន ៥កន្លែង និងលូប្រអប់មុខ២ ចំនួន១កន្លែង ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង គម្រោងលេខDDR-PM-២០២៤-NO ០០៧។ ការងារនេះបានសម្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរទៅមកដឹងជញ្ជូនផលិតផលកសិកម្ម និងឧស្សាហ៍កម្ម ជាពិសេសការធ្វើដំណើររបស់សិក្សានុសិស្សទៅសិក្សានិងដឹកអ្នកជំងឺមកពិនិត្យព្យាបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
ពលរដ្ឋបានសាទរចំពោះក្រសួងអភិវឌ្ឍន៍ជនបទនិងមន្ទីរអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំខេត្តបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុនន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តដាក់រស់នៅគ្រប់មូលដ្ឋានមិនថាជិតឬឆ្ងាយឡើយ៕