(ភ្នំពេញ)៖ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។
ពិធីនេះមានការចូលរួមពីសំណាក់សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត, លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងបរិស្ថាន ព្រមទាំងតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជនមជាច្រើនរូបផងដែរ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងបរិស្ថាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកអនុវត្តឱ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅ២០៣០ និង២០៥០ ក្រោមការដឹកនាំដ៏ស្វាហាប ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងបានដាក់ចេញនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ ២០២៨»។ មានយុទ្ធសាស្ត្រស្នូលធំៗចំនួន៣(បី) គឺភាពស្អាត ភាពបៃតង និងចីរភាព។
ដើម្បីសម្រេចនូវបេសកម្មតាមច្បាប់កំណត់ និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ព្រមទាំងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន បានពួតដៃគ្នាជាធ្លុងមួយក្នុងស្មារតីគ្រួសារបរិស្ថាន អនុវត្តការងារ សម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់ឱ្យអនុវត្តដូចតទៅនេះ៖
ទី១៖ ការពង្រឹងគោលនយោបាយ
*បានប្រកាសដាក់ឱ្យចូលជាធរមាន អនុវត្តផ្លូវការនូវ «ក្រមបរិស្ថាននិងធនធានធម្មជាតិ» ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងគ្រិះស្ថានបណ្តុះបណ្តាលនានាទាំងជាតិ និងអន្តរជាតិ
*បានកែសម្រួលព្រះរាជក្រិត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព
*រៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការព្រឹត្តទៅរបស់អគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព
*រៀបចំ និងប្រកាសឱ្យបើនូវប្រកាសអន្តរក្រសួង ចំនួន២ ប្រកាសក្រសួងចំនួន៨ និងសេចក្តីសម្រេចចំនួន៨
*បានបញ្ចប់ការរៀបចំគោលនយោបាយ និងគោលការណ៍ណែនាំសំខាន់ៗ រួមមានទី១-ផែនការយុទ្ធសាស្ត្រការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣ ទី២-ផែនការជាតិសម្រាប់កាត់បន្ថយសំរាម និងសំណល់ក្នុងសមុទ្រកម្ពុជា ទី៣-សេចក្តីប្រកាសរួមស្តីពីអគារបៃតង និងទី៤-ផែនទីបង្ហាញផ្លូវកាត់បន្ថយឧស្ម័នមេតានថ្នាក់ជាតិ និងទី៥-វិធានប្រតិបត្តិស្តីពីការអនុវត្តមាត្រាទី៦នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅកម្ពុជា (Operations Manual for the Implementation of Article 6 of the Paris Agreement on Climate Change in Cambodia)
*បាននឹងកំពុងរៀបចំផែនការយុទ្ធសាស្ត្រឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣ និងរបាយការណ៍ចូលរួមរបស់ជាតិ (NDC 3.0)ដែលជាឯកសារយុទ្ធសាស្ត្រដាក់គោលដៅកាត់បន្ថយការបញ្ជេញឧស្ម័នផ្ទះកញ្ជក់តាមវិស័យអាទិភាពទាំង៥របស់កម្ពុជា ដែលរួមមានថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងការគ្រប់គ្រងសំរាម ដើម្បីសម្រេចឱ្យបាននូវ«យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន»
*បានជំរុញឱ្យមានការអនុវត្តច្បាប់ តាមរយៈចុះត្រួតពិនិត្យ ដោះស្រាយពាក្យបណ្តឹង និងចេញលិខិតណែនាំឱ្យកែលម្អចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាសដែលបានបង្កឱ្យមានការបំពុល និងមានចំណុចខ្វះខាតមិនបានបំពេញលិខិតអនុញ្ញាតពាក់ព័ន្ធកិច្ចគាំពារបរិស្ថានទូទាំងប្រទេស
*បានដាក់ចេញនូវវិធានការគន្លឹះ៤ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ជំរុញឱ្យបញ្ចប់វប្បធម៌ចុះកិច្ចសន្យាដោះលែងអ្នកប្រព្រឹត្តបទល្មើស ជំរុញការអនុវត្តច្បាប់ ១០០% បង្កើនកិច្ចសហប្រតិបត្តិការឱ្យបានរលូនជាមួយអាជ្ញាធរមូលដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងទ័ព ក្រសួងយុត្តិធម៌ ក្រុមប្រឹក្សាអ្នកច្បាប់ អង្គភាពប្រឆាំងអំពើពុករលួយ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស។ ព្រមទាំងបានផ្តល់សម្ភារគាំទ្រការអនុវត្តច្បាប់ដល់មន្ត្រីឧទ្យានុរក្សចំនួន ១,០៦០នាក់ ដែលក្នុងនោះរួមមាន៖ អង្រឹងតង់សាក់កាដូ កាមែល អាវភ្លៀង អាវរងារ ដ្រូន GPS ពិល ផែនទីរូបភាពផ្កាយរណប (PLANET) បង្ហាញពីចំណុចកាប់រានដីព្រៃ និងសម្ភារសង្រ្គោះបឋម (First-Aid Kit)។
ទី២៖ ពង្រឹងការផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងវិស័យបរិស្ថាន
*សហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងមន្ទីរបរិស្ថានរាជធានី-ខេត្ត អនុវត្តព្រមគ្នា ក្នុងការប្រារព្ធទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា និងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ព្រមទាំងធ្វើយុទ្ធនាការ «កម្ពុជាស្អាត និងផ្សព្វផ្សាយកន្រ្តកបរិស្ថាន» មានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលថ្នាក់ក្រោមជាតិ យុវជន សិស្ស និស្សិត និងប្រជាសហគមន៍ គោលដៅបំផុសស្មារតីចូលរួមអនុវត្ត «ភាពស្អាត» «ភាពបៃតង» និង«ចីរភាព» ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
*បានផ្សព្វផ្សាយអំពីសកម្មភាពចូលរួមការពារបរិស្ថាន និងការអប់រំនានានៅលើគេហទំព័រផ្លូវការ និងតាមរយៈបណ្តាញទំនាក់ទំនងសង្គមដូចជា១៖ ទំព័រហ្វេសប៊ុក Ministry of Environment មានអ្នកតាមដានចំនួន៤៤០,២៤៨គណនី, ២៖ គេហទំព័រ www.moe.gov.kh, ៣៖ ទំព័រយូធូប ក្រសួងបរិស្ថាន Ministry of Environment, ៤៖ បណ្ដាញសង្គម Tik Tok ដែលមានឈ្មោះថា Ministry of Environment និង៥-Telegram Channel ដែលមានឈ្មោះថា MoE_News
*បានផលិត និងផ្តល់បណ្ណមេត្រីបរិស្ថានជូនដល់រូបវន្តបុគ្គល នីតិបុគ្គល ស្ថាប័ន អង្គភាព និងគ្រឹះស្ថានសិក្សានានា ដែលបានចូលរួមអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សរុបចំនួន៧២០២បណ្ណ ក្នុងនោះគណៈគ្រប់គ្រងសាលាទូទាំង២៥ រាជធានី ខេត្ត សរុបចំនួន៦២៩០ បណ្ណ។ បានផ្តល់លិខិតថ្លែងអំណរគុណក្នុងកម្មវិធី «ពន្លកបៃតង» ចំនួន១៧៣បណ្ណ បណ្ណមេត្រីបរិស្ថានចំនួន៦៨៩បណ្ណ បណ្ណសរសើរចំនួន៣៧៣បណ្ណ បណ្ណជ័យលាភី ចំនួន១៤បណ្ណ និងលិខិតថ្លែងអំណរគុណចំនួន៣០២បណ្ណ។ ផ្តល់បណ្ណជ័យលាភីដល់ ឃុំ-សង្កាត់ ទូទាំង២៥រាជធានី ខេត្ត ចូលរួមចលនាប្រឡងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ចំនួន៥០បណ្ណ។
ទី៣៖ ការធ្វើទំនើបកម្មស្ថាប័ន និងការអនុវត្តរដ្ឋបាលឌីជីថល
*បានពិនិត្យឡើងវិញ វិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង និងបានធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលរបស់ក្រសួង ដោយបញ្ចូលទៅក្នុងប្រព័ន្ធ HRMIS
*បានកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលឌីជីថល និងបានដាក់ឱ្យដំណើរការប្រើប្រាស់និងទទួលព័ត៌មានតាមប្រព័ន្ធឌីជីថល App (MoE E-Admin) ព្រមទាំងបានដាក់ឱ្យចរាចរឯកសារតាមប្រព័ន្ធឌីជីថល (E-Admin) ជំហានទី១ ដែលអនុវត្តដោយអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគាំពារបរិស្ថានជាគំរូ និងបន្តពង្រីកការអនុវត្តទូទាំងក្រសួង នៅឆ្នាំ២០២៥
*ក្រសួងបានជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បន្តការសិក្សាគ្រប់កម្រិត ឬវគ្គបណ្តុះបណ្តាលបច្ចេកទេស ចូលរួមកិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗទាំងនៅក្នុង និងក្រៅប្រទេស ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍សម្រាប់ជាមូលដ្ឋាន ក្នុងការអនុវត្តការងារលើវិស័យបរិស្ថានឱ្យកាន់តែប្រសើរ បានសរុបចំនួន ៨៨០នាក់ និងក្រៅប្រទេសចំនួន ២៨នាក់។ ព្រមទាំងបានដំឡើងឋានន្តរស័ក្តិ ថ្នាក់ និងផ្តល់មេដាយ គ្រឿង ឥស្សរីយយសជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការផងដែរ។
ទី៤៖ ភាពស្អាត
*ភាពស្អាតលើមេឃ បានបើកយុទ្ធនាការ «ផ្ទៃមេឃពណ៌ខៀវ» កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងរៀបចំឯកសារទស្សនទានថ្នាក់ជាតិ គ្រោងផែនការធ្វើការផ្សព្វផ្សាយអនុវត្តនាពេលឆាប់ៗខាងមុខ។ បានដំឡើងស្ថានីយតាមដាន ត្រួតពិនិត្យ វិភាគគុណភាពខ្យល់តាមបណ្តារាជធានី ខេត្ត រថយន្ត «វិស្ណុ» ចល័ត និងស្ថានីយនៅទីស្តីការក្រសួង ឃើញថាលទ្ធផលខ្យល់មានគុណភាពល្អ និងបានផ្សព្វផ្សាយជូនសាធារណៈជនបានយល់ដឹងប្រចាំថ្ងៃ
*ភាពស្អាតលើដី យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ មានអ្នកចូលរួមសរុបចំនួន ៩,៧លានអង្គ/នាក់ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមសរុបចំនួន ៣,៥លានអង្គ/នាក់។ កាត់បន្ថយការនាំចូលថង់ប្លាស្ទិក រយៈពេល១០ខែក្នុងឆ្នាំ២០២៤នេះ បាន៨៨% បើធៀបនឹងការនាំចូលក្នុងឆ្នាំ២០២៣។ កាត់បន្ថយសំរាម ថង់ប្លាស្ទិករ៉ាយប៉ាយនៅតាមដងផ្លូវសាធារណៈ ក្នុងខេត្តចំនួន១១ បាន៨០%។ ក្រសួងក៏បានត្រួតពិនិត្យ វាយតម្លៃការគ្រប់គ្រងសំណល់រឹងឧស្សាហកម្ម សំណល់វេជ្ជសាស្រ្ត ពិនិត្យសំណាកដី កម្រិតបំពុលពីលោហៈធ្ងន់ និងប្រភពបំពុលនានា។ បានដាក់ចេញយុទ្ធនាការសម្អាតតាមដងផ្លូវជាតិ ធ្វើយ៉ាងណានៅបំណាច់ឆ្នាំ២០២៥ កាត់បន្ថយប្លាស្ទិករ៉ាយប៉ាយតាមដងផ្លូវជាតិឱ្យបានស្អាត
-បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយរដ្ឋបាលរាជធានី ខេត្តទាំង២៥រាជធានី ខេត្ត សហការចូលរួមលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក
-បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយ ក្រសួងការងារ កាកបាតក្រហមកម្ពុជា ស.ស.យ.ក និងកាយរិទ្ធិកម្ពុជា ក្នុងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក៏ដូចជាចូលរួមអនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ផងដែរ
-ក្រសួងបរិស្ថានបានផ្ទេរមុខងារ និងបន្តការគាំទ្រជាមធ្យោបាយ សម្ភារ បច្ចេកទេស ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព។ បានអភិវឌ្ឍទីលានទុកដាក់សំរាមឡើងវិញ ចែកធុងសំរាមសរុបចំនួន១៦៤០ធុង ការរៀបចំធនាគារសំរាមតាមសហគមន៍ ផ្តល់យានយន្តដឹកសំរាមក្នុងនោះរថយន្តចំនួន១៨គ្រឿង និងម៉ូតូកង់បីដឹកសំរាមចំនួន៣៣គ្រឿង។ លទ្ធផលឃើញតាមសាលារៀន មណ្ឌលសុខភាព វត្តអារាម និងទីសាធារណៈនានា បានទុកដាក់ ញែកសំរាម និងមានអនាម័យល្អប្រសើរឡើង។
*ភាពស្អាតក្នុងទឹក បានបើកយុទ្ធនាការ «សម្អាតទន្លេ» និងយុទ្ធនាការ «ផ្ទៃទឹកស្អាត» ព្រមទាំងបានរៀបចំឯកសារទស្សនទានសម្អាតទន្លេ និងស្តារប្លាស្ទិកពីក្នុងបឹងទន្លេសាបឡើងវិញ។ បាននិងកំពុងជំរុញការបំពាក់នូវឧបករណ៍ស្វ័យប្រវត្តិតាមដាន ផ្តល់ទិន្នន័យ និងវិភាគអំពីការគ្រប់គ្រងគុណភាពទឹកសាធារណៈ តាមបណ្តារោងចក្រ សហគ្រាស ទប់ស្កាត់ការបង្ហូរសារធាតុរាវកខ្វក់ពីប្រភពបំពុលនានា។ លទ្ធផលវិភាគសំណាកទឹក ពីប្រភពទឹកសាធារណៈ ទាំងទឹកសាប និងទឹកប្រៃ ឃើញមានគុណភាពល្អទូទាំងប្រទេស។ បានពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ប្រើប្រាស់ប្រព័ន្ធទិន្នន័យ ដើម្បីរក្សានិងវិភាគទិន្នន័យគុណភាពបរិស្ថាន ធ្វើការប្រមូលសំណាក និងធ្វើតេស្តិ៍តាមដានគុណទឹកសាធារណៈនៅទូទាំងប្រទេស ក្រសួងបានចុះអនុស្សារណៈយោគយល់ជាមួយប្រទេសឡាវ និងជាមួយក្រសួងធនធានធម្មជាតិចិន ព្រមទាំងបាននិងកំពុងសហការគម្រោងមេគង្គឡាងឆាងក្នុងការកាត់បន្ថយ ទប់ស្កាត់ការហូរចូលនូវប្លាស្ទិកពីប្រភពផ្សេងនៃផ្នែកខាងលើចូលក្នុងទន្លេមេគង្គ
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន៖ បានជំរុញឱ្យគម្រោងវិនិយោគសាធារណៈ និងគម្រោងវិនិយោគឯកជនចូលរួមគាំពារបរិស្ថាន ដើម្បីសម្រេចបាននូវ «ភាពស្អាត និងភាពបៃតង» ដូចជាតម្រូវឱ្យម្ចាស់គម្រោងអនុវត្តបទដ្ឋានគតិយុត្តពាក់ព័ន្ធដែលមានជាធរមាន ដើម្បីរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ ឬកិច្ចសន្យាការពារបរិស្ថាន។ ក្រសួងបរិស្ថានបានឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូងចំនួន ៣០គម្រោង របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញចំនួន ១០គម្រោង និងឯកភាពលើកិច្ចសន្យាការពារបរិស្ថានបានចំនួន ២០៩គម្រោង។ បានបន្ថយតម្លៃសេវា និងពន្លឿនការវាយតម្លៃបានឆាប់រហ័សតាមរយៈកាត់បន្ថយនីតិវិធី និងបែបបទនានា។
ទី៥៖ ភាពបៃតង យុទ្ធនាការ «ដាំដើមឈើ ១លានដើមក្នុង១ឆ្នាំ» ជាលទ្ធផល គឺបានបណ្តុះ ចែក និងដាំកូនឈើ/កូនត្នោត តាមរយៈការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់សាធារណជន និងភាគីពាក់ព័ន្ធរាប់ម៉ឺននាក់នៅបរិវេណខាងមុខទីស្តីការក្រសួងបរិស្ថាន និងនៅតាមមន្ទីរបរិស្ថានរាជធានី ខេត្ត។ បានចែកកូនឈើ ដើម្បីយកទៅដាំតាមទីវាល និងសហគមន៍តំបន់ការពារធម្មជាតិ បានចំនួន ១,៨៥៦,១៩៤ដើម មានប្រភេទឈើ៣ក្រុមប្រភេទ គឺប្រភេទឈើព្រៃ ឈើហូបផ្លែ និងត្នោត។
*បានបោះបង្គោលព្រំតំបន់ការពារធម្មជាតិ សរុបចំនួន ៣១៩បង្គោល (តំបន់ការពារធម្មជាតិជុំវិញបឹងទន្លេសាប (ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ) និងបញ្ចប់សេចក្តីព្រាងលើកចុងក្រោយស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រងចំនួន ៣តំបន់ និងបន្តកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដំណើការចុះបញ្ជីដីរដ្ឋក្នុងតំបន់ការពារធម្មជាតិផ្សេងៗទៀតជាបន្តបន្ទាប់(ប្រើថវិកាជាតិ និងដៃគូអភិវឌ្ឍន៍)
*ការងារចុះបញ្ជីដីរដ្ឋ សរុបមានចំនួន ១១៤៣ទីតាំង មានបណ្ណចំនួន ៣១៨ទីតាំង កំពុងបន្តនីតិវិធីស្នើសុំចំនួន ២៤១ទីតាំង និងមិនទាន់មាននីតិវិធីស្នើសុំចំនួន ៥៨៤ទីតាំង
*បានចុះបញ្ជីដីរដ្ឋតំបន់បេតិកភណ្ឌធម្មជាតិចំនួន៤ ស្ថិតនៅក្នុងខេត្តបាត់ដំបងចំនួន៣ និងខេត្តកំពត ចំនួន១
*បានបង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួន១៤ ស្ថិតនៅក្នុងខេត្តព្រះវិហារ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង កំពត និងខេត្តព្រៃវែង និងបានបោះបង្គោលព្រំនៅតំបន់បេតិកភណ្ឌភ្នំទទុង-ភ្នំតូច ស្ថិតនៅក្នុងខេត្តកំពត
*បានរៀបចំគម្រោងលំបែបៃតងបែបវិបស្សនាសាសនានៅគីរីរម្យ និងកំពុងដំណើរពង្រីកគម្រោងនេះនៅភ្នំគូលែនខេត្តសៀមរាប
*រៀបចំនិងអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ បានចំនួន ១៩៣សហគមន៍ គ្របដណ្តប់លើផ្ទៃដី ៣៣២,១០៨ហិកតា ស្មើ ៣៦២ភូមិ ១១៥ឃុំ ១៥ខេត្ត មានគ្រួសារ ៧៣ ១៤៩គ្រួសារ និងមានសមាជិកចំនួន ៣០៥,៦២១នាក់។ បានផ្តល់ពូជសត្វគោ ដល់សហគមន៍ចំនួន៤ផ្តល់ពូជស្រូវ និងសម្ភារទេសចរណ៍ ដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន៥ សហគមន៍
*បានគាំទ្រការអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិចំនួន ៥៣សហគមន៍ ក្នុងការលើកកម្ពស់គុណភាពផលិតផល សេវាកម្មទេសចរណ៍ធម្មជាតិ និងបណ្តុះបណ្តាលស្តីពីការផ្តល់សេវាកម្ម មគ្គុទេសក៏ទេសចរណ៍និងការពង្រឹងបណ្តាញសហគមន៍។ មានសហគមន៍ទេសចរណ៍ចំនួន៣០ ក្នុងចំណោមសហគមន៍ទាំង៥៣ បាននិងកំពុងផ្តល់សេវាកម្ម ការលក់សំបុត្រចូលទស្សនា ចំណត អាហារ ការស្នាក់នៅ មគ្គុទេសក៏ទេសចរណ៍បានល្អ
*បានសហការជាមួយ UNESCO រៀបចំផែនការយុទ្ធសាស្ត្រស្តីពី តំបន់ឋបនីយជីវមណ្ឌលធម្មជាតិបឹងទន្លេសាប រយៈពេល ៥ឆ្នាំ (២០២៤-២០២៨)និងបានដំណើការរៀបចំតំបន់ស្នូលព្រែកទាល់ជាតំបន់បេតិកភណ្ឌអាស៊ាន និង បានរៀបចំនិងដាក់បញ្ចូលបេក្ខភាព ភ្នំណាមលៀរ ក្នុងខេត្តមណ្ឌលគិរី និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ក្នុងខេត្តព្រះវិហារ ក្នុងបញ្ជីបម្រុងបេតិកភណ្ឌធម្មជាតិពិភពលោក។
ទី៦៖ ចីរភាព
ក្រសួងបានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការកៀរគរធនធាន កៀរគរការគាំទ្រពីដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានបណ្តុះបណ្តាល និងមហាជននានា ទាំងជាតិ និងអន្តរជាតិ ជាកម្លាំងចលកររុញច្រានធ្វើឱ្យភាពស្អាត និងភាពបៃតង នៅប្រទេសកម្ពុជាយើងមានចីរភាព។
បើទោះបីជាក្រសួងសម្រេចបាននូវសមិទ្ធផលគួរជាទីកត់សម្គាល់ ជាច្រើនក៏ដោយ ក៏យើងនៅជួបប្រទះបញ្ហាប្រឈមមួយចំនួនត្រូវដោះស្រាយ ដូចជា៖
*ដំណើរការបង្កើតនិងទទួលបានជាស្ថាប័នមាននីតិសម្បទា ដើម្បីទទួលបានជំនួយដោយផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព មានភាពយឺតយ៉ាវ
*ការពង្រីកលទ្ធភាពផ្សព្វផ្សាយអំពីព័ត៌មានវិស័យបរិស្ថាននៅមានកម្រឹត មិនទាន់បានទូលំទូលាយក្នុងការចលនាប្រជាពលរដ្ឋនៅទ្បើយ ទាំងការបង្កើនភាពទាក់ទាញ ទាំងការពង្រីកបណ្តាញផ្សព្វផ្សាយ ដូចជា វេទិកាព័ត៌មានអនឡាញ ប្រព័ន្ធបណ្តាញសង្គម ទស្សនាវដ្ដី ប៉ុស្តិ៍ទូរទស្សន៏ ទាំងសមត្ថភាពធនធានមនុស្ស និងថវិកាគាំទ្រ
*ការអនុវត្តច្បាប់ និងភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការចូលរួមពីសាធារណជន នៅក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅមានកម្រិត
*ការយល់ដឹងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋពីការបំពុលខ្យល់នៅមានកម្រិត និងប្រភពបំពុលភាគច្រើន ពុំមានអ្នកបច្ចេកទេសទទួលខុសត្រូវប្រចាំទីតាំងរបស់ខ្លួន និងខ្វះការសហការជាមួយមន្រ្តីអធិការកិច្ចនៃក្រសួងបរិស្ថាន និងមិនមានភាពស្មោះត្រង់លើការគ្រប់គ្រងសំណល់ ស្របតាមលក្ខណៈបច្ចេកទេសនៃក្រមបរិស្ថាននិងធនធានធម្មជាតិ
*ទីលានទុកដាក់សំរាម សំណល់រឹងនៅមានកម្រិត ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ (ទីលានភាគច្រើនជាទីលានចំហរ) និងទាំងផ្នែកគ្រប់គ្រង ប្រតិបត្តិទីលាន ព្រមទាំងកង្វះហេដ្ឋានរចនាសម្ព័ន្ធសម្រាប់ការគ្រប់គ្រងសារធាតុ និងសំណល់គ្រោះថ្នាក់
*ពុំទាន់មានប្រព័ន្ធគ្រប់គ្រងទិន្នន័យស្វ័យប្រវត្តិកម្មបរិស្ថាន ឧបករណ៍ បរិក្ខាបច្ចេកទេស និងស្ថានីយតាមដានគុណភាពទឹកស្វ័យប្រវត្តិនៅតាមប្រភពទឹកសាធារណៈ
*កន្លងមកក្រសួងបរិស្ថានបានសហការណ៍ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិបានដកហូតដី ដែលបានទន្ទ្រានដីក្នុងតំបន់ការពារធម្មជាតិ ប៉ុន្តែតំបន់ ទាំងនេះនៅមិនទាន់អន្តរាគន៍ទាន់ពេលវេលាក្នុងការស្តារព្រៃឈើឡើងវិញនោះទេ ដោយសារតែថវិកាសម្រាប់ស្តារព្រៃឈើឡើងវិញ (ដាំស្តារ/ថែរក្សា
ដំណុះដោយធម្មជាតិ) នៅមានកម្រិត
*ក្រសួងបរិស្ថានបានដាក់ស្នើសុំចុះបញ្ជីដីរដ្ឋក្នុងតំបន់ការពារធម្មជាតិចំនួន ៧២តំបន់ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយបច្ចុប្បន្នក្រសួងបរិស្ថាននៅមានតំបន់ការពារធម្មជាតិចំនួន ៦៥តំបន់ លើផ្ទៃដីសរុប ៦,៧៧៣,៣៣៩.១០ហិកតា នៃផ្ទៃសរុបទំហំ ៧,០៤៦,២១៨.២៨ហិកតាមិនទាន់ចុះបញ្ជី ដូច្នេះក្រសួងបរិស្ថានត្រូវតែជំរុញការចុះបញ្ជីដីរដ្ឋក្នុងតំបន់ការពារធម្មជាតិឱ្យបានលឿន ដើម្បីធានាការពង្រឹងភាពបៃតងក្នុងតំបន់ការពារធម្មជាតិ និងពង្រីកការស្តារព្រៃឈើឡើងវិញ
*សំពាធនៃការពឹងផ្អែកលើធនធានធម្មជាតិរបស់ប្រជាសហគមន៍ រស់នៅក្បែរនិងក្នុងតំបន់ការពារធម្មជាតិសម្រាប់ជីវភាពរស់នៅ ជាកត្តារួមផ្សំដ៏សំខាន់ដែលប្រឈមក្នុងកិច្ចការពារ ទប់ស្កាត់ អភិរក្ស និងស្តារធនធានធម្មជាតិឡើងវិញ ហើយបញ្ហានេះទាមទារឱ្យមានការចូលរួមពីគ្រប់វិស័យដើម្បីដោះស្រាយ៕