(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការរៀបចំសន្និបាតរបស់យើងនាពេលនេះ មានគោលបំណងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពការងារ និងរកដំណោះស្រាយ បញ្ហាប្រឈមចម្បងៗមួយចំនួន ដែលបានជួបប្រទះក្នុងឆ្នាំ២០២៣-២០២៤ និងលើកទិសដៅបន្តអនុវត្តឆ្នាំ២០២៥ សំដៅបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ និងការលើកកម្ពស់សុខុមាល ភាពរបស់អ្នកទទួលផលពីកម្មវិធីជាតិ ជំនួយសង្គម និងរបបសន្តិសុខសង្គម ឱ្យកាន់តែល្អប្រសើរថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ការលើកឡើងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣-២០២៤ និងទិសដៅអនុវត្តបន្តរបស់មូលនិធិជាតិជំនួយសង្គម នៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

លោក ជា សុមេធី បានបន្ថែមថា សមិទ្ធផលដែលមូលនិធិជាតិជំនួយសង្គម សម្រេចបានរយៈពេល២ឆ្នាំកន្លងមកនេះ ក៏យើងនៅពិនិត្យឃើញនៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវគិតគូរដោះស្រាយ។ ជាមួយគ្នានេះ លោកបានស្នើសុំឱ្យមានកិច្ចសហការល្អរវាងមូលនិធិជាតិជំនួយសង្គមទាំងថ្នាក់ជាតិ និងសាខា រាជធានីខេត្ត ជាមួយអង្គភាពជំនាញរបស់ក្រសួងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងកិច្ចប្រតិបត្តិការងារ កម្រិតបច្ចេកទេស រួមទាំងការផ្តល់ព័ត៌មាន និងរបាយការណ៍ជូនគ្នាទៅវិញទៅមក និងការពិគ្រោះយោបល់ គ្នាក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងការអនុវត្តកម្មវិធី។

បន្ថែមពីលើនេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច សូមលើកទឹកចិត្តដល់សមាជិកសមាជិកាទាំងអស់ សូមចូលរួមពិភាក្សាផ្តល់មតិយោបល់ពីបញ្ហាប្រឈម និងសំណូមពរ ដើម្បីឱ្យមូលនិធិជាតិជំនួយសង្គមមានមូលដ្ឋានគ្រឹះច្បាស់លាស់ ជាគន្លឹះក្នុងការដោះស្រាយ សំដៅជំរុញឱ្យការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមជូនអ្នកទទួលផល សម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងនិរន្តភាព។

លោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គ នាយកមូលនិធិជាតិជំនួយសង្គម បានបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ២០២៣-២០២៤ មូលនិធិជាតិជំនួយ សង្គមសម្រេចបានលទ្ធផលការងារជាច្រើន រួមមាន៖ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ការពង្រឹងរចនាសម្ព័ន្ធ ស្ថាប័នរបស់មូលនិធិជាតិជំនួយសង្គមទាំងនៅថ្នាក់ជាតិ និងថ្នាក់សាខារាជធានី ខេត្ត និងជាពិសេសការអនុវត្ត កម្មវិធីជាតិជំនួយសង្គមនានា និងរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលជា ការងារស្នូលក្នុងបុព្វហេតុបម្រើប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

១៖ កម្មវិធីជាតិជំនួយសង្គម

- កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ៖ បានបើកផ្តល់ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះសរុបចំនួន ៤២ ៥៦៨នាក់ និងកុមារអាយុក្រោម២ឆ្នាំ ចំនួន ៩ ៨៧៧នាក់ ចំណាយថវិកាសរុបប្រមាណ ៣៣,៨៥ ប៊ីលានរៀល សមមូល ប្រមាណ ៨,៤៦លានដុល្លាអាម៉េរិក

- កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់៖ បានបើកផ្តល់សាច់ប្រាក់ជូនគ្រួសាររងហានិភ័យដែលរងផល ប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ក្នុងរាជធានី ខេត្ត ចំនួន ១៦ សរុបចំនួន ៩៩ ១៦៩ គ្រួសារ ចំណាយថវិកាសរុបប្រមាណ ៤៦,៨០ ប៊ីលានរៀល សមមូលប្រមាណ ១១,៦៩ លានដុល្លាអាម៉េរិក (កម្មវិធីបានបិទបញ្ចប់នៅខែមីនា ឆ្នាំ២០២៣)។

- កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធ អតិផរណា៖ បានបើកផ្តល់សាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ សរុបចំនួន ៤៩៥ ៣០៧គ្រួសារ ចំណាយថវិកាសរុបប្រមាណ ១៧៥,៩៥ ប៊ីលានរៀល សមមូល ប្រមាណ ៤៤ លានដុល្លាអាម៉េរិក (កម្មវិធីបានបិទបញ្ចប់ នៅខែកក្កដា ឆ្នាំ២០២៣)

២. កម្មវិធីរបបសន្តិសុខសង្គម

- អតីតមន្ត្រីរាជការស៊ីវិល បានរៀបចំបែបបទទទួលស្គាល់មន្ត្រីរាជការឱ្យចូលនិវត្តន៍ចំនួន ១ ៧០៥នាក់ និងអ្នក នៅក្នុងបន្ទុកចំនួន ១ ៣៥៥នាក់ បានបើកផ្តល់របបសន្តិសុខសង្គមជូននិវត្តជនចំនួន ៥៤ ៦៩០នាក់ ជនបាត់បង់សម្បទា វិជ្ជាជីវៈ ចំនួន ១ ៤៣៦នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន ៤៧ ០២១នាក់ ចំណាយថវិកា សរុបប្រមាណ ៤៩៣,៨១ ប៊ីលានរៀល សមមូលប្រមាណ ១២៣,៩៥ លានដុល្លាអាម៉េរិកបានបើកផ្តល់របបសន្តិសុខសង្គមជូនគ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលចំនួន១ ៦៧០សព ចំណាយថវិកាសរុបប្រមាណ១៤,៧១ប៊ីលានរៀល សមមូលប្រមាណ៣,៦៧លានដុល្លាអាម៉េរិក។

- អតីតយុទ្ធជន បានទទួលនិវត្តជនមកពីក្រសួងការពារជាតិសរុបចំនួន ១ ០១៧នាក់ និងក្រសួងមហាផ្ទៃ សរុបចំនួន ២ ២០៩នាក់បានបើកផ្តល់របបសន្តិសុខសង្គមជូននិវត្តជនចំនួន ៤០ ៣១៦ នាក់ ជនបាត់បង់សមត្ថភាព ការងារ ចំនួន ១ ៤១៣ នាក់ ជនពិការចំនួន ២៩ ៣៧១នាក់ ជនពលីចំនួន ២៦ ៩៩២នាក់ និងជនមរណៈចំនួន ១០ ៥៧៨នាក់ ចំណាយថវិកាសរុបប្រមាណ ៧៤៧,៦១ ប៊ីលានរៀល សមមូលប្រមាណ១៨៦,៩ លានដុល្លាអាម៉េរិកបានបើកផ្តល់របបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តជនចំនួន ៥៤៣សព ជនពិការចំនួន ៣៩៤សព ចំណាយថវិកាសរុបប្រមាណ ៨,៩៦ ប៊ីលានរៀល សមមូលប្រមាណ ២,២៤ លានដុល្លាអាម៉េរិក៕