(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា បានបង្ហាញការគាំទ្រចំពោះការធ្វើកំណែទម្រង់ទាំងឡាយដែលកំពុងតែអនុវត្តន៍ដោយរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ បានលើកទឹកចិត្តឱ្យបន្តការធ្វើកំណែទម្រង់ទាំងឡាយទាំងក្នុងក្របខណ្ឌបក្ស និងរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរថា ការធ្វើកំណែទម្រង់នេះ ត្រូវដើរទន្ទឹមគ្នាទាំងក្នុងបក្ស និងរដ្ឋ ទើបទទួលបានជោគជ័យ។
ការណែនាំរបស់សម្តេចតេជោ បានធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមាន៧មករា។
ក្នុងពិធីបិទសន្និបាតនេះ សម្តេចតេជោ ក៏បានជំរុញឱ្យបន្តការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសពន្លឿនការដោះស្រាយវិស័យសេដ្ឋកិច្ចសង្គម ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីលើកម្ពស់សេដ្ឋកិច្ចគ្រួសារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
សូមបញ្ជាក់ការធ្វើកំណែទម្រង់អភិបាលកិច្ចជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិតកាលទី៧ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ តាមរយៈនយោបាយកំណែទម្រង់នេះ ការប្រឡងជ្រើសរើសមន្ត្រីរាជការត្រូវបានរឹតបន្តឹងក្រោមអភិក្រមអ្នកចេះ គឺជាប់។ បន្ថែមពីលើនោះ មន្ត្រីអសកម្ម មន្ត្រីប្រព្រឹត្តខុសនឹងច្បាប់ត្រូវបានចាត់វិធានការទៅតាមវិន័យរដ្ឋបាល និងច្បាប់របស់រដ្ឋផងដែរ។
ក្នុងសន្និបាតព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខបក្សកាន់អំណាច ក៏បានណែនាំឱ្យបន្តចូលរួមពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការទូតសន្តិភាព មិត្តភាពជាមួយចលនាមហាជន ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន យុវជន និងយុវជន នៃបណ្តាប្រទេសជិតខាង និងប្រទេសជាមិត្តនានា ដោយឈរលើគោលការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី ស្មើភាព ស្មើសិទ្ធិ និងមានផលប្រយោជន៍ទៅវិញទៅមក៕