(ភ្នំពេញ)៖ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា ឯកឧត្តម លី វណ្ណា បានលើកទឹកចិត្តដល់សិស្ស និស្សិតខ្មែរ ព្យាយាមសិក្សា ស្វែងយល់ ឲ្យកាន់តែស៊ីជម្រៅអំពីវប្បធម៌ ប្រពៃណីដ៏យូរលង់ របស់ប្រទេសចិន ខណៈដែលប្រទេសទាំងពីរ បានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំ រហូតដល់ការចាប់ដៃគូ កសាងសហគមន៍ ជោគវាសនារួមគ្នា ក្នុងយុគសម័យថ្មី នាពេលបច្ចុប្បន្ន។

«បើធៀបនឹងទំនាក់ទំនងជាប្រវត្ថិសាស្ត្រ កាទូត ប្រទេសទាំងពីរបានឈានដល់កិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យ ដោយផ្តោតលើការកសាងសហគមវាសនារួមគ្នាតែមួយ ក្នុងយុគសម័យថ្មី រវាងរដ្ឋាភិបាលកម្ពុជាចិន ដែលបានជំរុញឲ្យកម្ពុជា មានលទ្ធភាពអាចពង្រឹងកិច្ចសហប្រតិបត្តិការរួម ចំណែកជាវិជ្ជមានដល់សន្តិភាពដល់តំបន់និងពិភពលោក»

ឯកឧត្តម លី វណ្ណា បានមានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធី ពិព័រណ៍រូបថតសកលលោក ក្រោមប្រធានបទ «រឿងនិទានចិន» រយៈពេលបួនថ្ងៃ នៅសារៈមន្ទីរជាតិ ក្នុងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ។

«ព្រឹតិ្តការណ៍ពិព័រណ៍រូបថតរបស់អ្នកជំនាញ ថតរូបជនជាតិចិន គឺជាឱកាសដ៏ល្អ ដែលអាចឲ្យប្រជាជនកម្ពុជា សិស្សានុសិស្ស សាធារណៈជនបានស្វែងយល់កាន់តែច្បាស់ អំពីវប្បធម៌ អរិយធម៌ ដ៏យូរលង់របស់ប្រទេសចិន។ ជាមួយគ្នានេះ គឺជាការផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជា ចំណេះដឹង ក្នុងការថតរូបរបស់អ្នកជំនាញចិន ជាមួយនឹងអ្នកជំនាញថតរូបជនជាតិខ្មែរ ដែលធ្វើឲ្យរូបថតទាំងនេះ មានភាពរស់រវើក និងប្រកបដោយអត្ថន័យ និង អត្ថរស»។

គួរបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងចិន-កម្ពុជា សារៈមន្ទីរជាតិកម្ពុជា នាពេលថ្មីៗនេះ មានការតាំងពិព័រណ៍រូបថតសកលលោក ក្រោមប្រធានបទ «រឿងនិទានចិន» រយៈពេល៤ថ្ងៃ។

លោក CHEN Cong អគ្គទីប្រឹក្សាស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនក៏បានមានវត្តមានចូលរួមក្នុងពិធីបើកផងដែរ។ ក្រៅពីនេះ ក៏មានការចូលរួមពីតំណាងសមាគមនអ្នកថតរូបជំនាញ នៅប្រទេសចិន, លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារៈមន្ទីរជាតិ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំង និស្សិត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។

បើតាមភាគីចិនបានឲ្យដឹងថា រូបថតសរុបចំនួន៤០ផ្ទាំង បង្ហាញពីទេសភាពដ៏ស្រស់ស្អាត ក្នុងប្រទេសចិន ជាមួយនឹងវប្បធម៌ចិន ដែលបង្កប់ដោយអត្ថន័យ ដ៏ជ្រាលជ្រៅ តាមរយៈស្នាដៃទាំងនេះ មានដូចជា ភាពអស្ចារ្យនៃទន្លេ ភ្នំ ទំនៀមទម្លាប់ប្រពៃណី បុរាណ រហូតដល់ទីក្រុងទំនើបរបស់ចិន ជាដើម។

ឆ្លើយតបនឹងការអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យុវតី ឡាវ ពុធ និស្សិតឆ្នាំទី៣ បានប្រាប់ថា ការផ្លាស់ប្តូរប្រជាជននិងប្រជាជន គឺជារឿងល្អ ក្នុងការចែករំលែកចំណេះដឹង ឲ្យស្គាល់គ្នា ទៅវិញទៅមក។ កញ្ញា ចាប់អារម្មណ៍រូបថតចិនទាំងនេះ ព្រោះថា ទស្សនៈចិនមានអត្ថន័យជ្រៅ បង្កប់ន័យអប់រំ ដូចជា ទស្សនៈ ខុងជឺ ជាដើម។ កញ្ញាសង្ឃឹមថា នឹងមានតាំងពិព័រណ័បែបនេះ នាពេលក្រោយៗ ទៀត ដើម្បីជំរុញការយល់ដឹងពីរឿងព្រេងនិទានចិន កាន់តែច្បាស់បន្ថែមទៀត សម្រាប់ខ្លួនឯង និងយុវជនកម្ពុជា ផ្សេងៗទៀត។

នៅក្នុងពេលនោះ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារៈមន្ទីរជាតិ បានមានប្រសាសន៍ បង្ហាញក្តីសង្ឃឹមថា ការតាំងបង្ហាញរូបថតទាំងនេះ នឹងនាំមកនូវការយល់ដឹង កាន់តែស៊ីជម្រៅ អំពីវប្បធម៌ និងសិល្បៈ រវាងចិននិងកម្ពុជា បង្កើនមិត្តភាពរវាងគ្នាទៅវិញទៅមក បន្ថែមទៀត ក្នុងវិស័យសិល្បៈ ហើយក្លាយជាស្ពានតភ្ជាប់បេះដូង និងផ្នត់គំនិតនៃប្រជាជាតិទាំងពីរ តាមរយៈការចែករំលែកគ្នា នូវវប្បធម៌ អារ្យធម៌ ដែលមិនអាចកាត់ថ្លៃបាន៕

វិទ្យុមិត្តភាពកម្ពុជាចិន