(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជន​កម្ពុជា បានណែនាំដល់គណៈចលនាមហាជនរបស់បក្ស ត្រូវតាមដា​ន និង​វាយតម្លៃឱ្យបានជាប់លាប់លើមតិរបស់ប្រជាពលរដ្ឋលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់បក្សទាំងលើបណ្តាញសង្គម និងនៅតាមមូល​ដ្ឋាន​ផ្ទាល់។ បើតាមសម្តេចតេជោ ការតាមដានវាយតម្លៃលើមតិប្រជាពលរដ្ឋ ដើម្បី​គ្រប់គ្រងចំពោះសភាពការណ៍ជាតិ និងអន្តរជាតិ ដែលកំពុងវិវឌ្ឍន៍​កាន់តែ​ស្មុគ​ស្មាញ។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញ​បិទ​​សន្និបាតបូកសរុប​លទ្ធផល​ការ​ងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារ​បន្តរបស់គណៈចលនាមហាជន​គណបក្ស​ប្រជា​ជនកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមាន៧មករា។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់គណៈចលនា​មហា​ជន​របស់បក្សជំរុញសកម្មភាពបណ្តុះស្មារតីសាមគ្គីភាពសង្គម និង យុទ្ធ​នា​ការបណ្តុះគំនិត​វិជ្ជ​មាន​ដល់ប្រជាជន ដើម្បីបង្កើនភាពកក់​ក្ដៅរវាង​មន្ត្រី​បក្ស និងប្រជាជន ដោយត្រូវជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងក្រសួង ស្ថាប័ន អង្គភាពរដ្ឋ នៅគ្រប់កម្រិតពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោម​ជាតិ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យគណៈចលនាមហាជនរបស់បក្ស ពង្រឹង​ការ​ងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទាំងតាមបែបប្រពៃណី និងបែប​ឌីជីថល ដើម្បីឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស​នៃបច្ចេក​វិទ្យា។

សម្តេចតេជោប្រមុខបក្សកាន់អំណាច ក៏បាន​ជំរុញឱ្យយកចិត្តទុកដាក់​គ្រប់​គ្រង​ការផ្សាយរបស់​ប្រព័ន្ធ​អនឡាញ ជាពិសេសការផ្សព្វផ្សាយព័ត៌មានបំភ្លៃ​ការពិត និងខ្វះសីល​ធម៌។ សម្តេចតេជោ បានណែនាំឱ្យចាត់វិធាន​ការ​ជាបន្ទាន់ ចំពោះការផ្សព្វផ្សាយបំភ្លៃ និងខ្វះសីលធម៌ទាំងឡាយ៕