(ភ្នំពេញ)៖ ជនជាតិវៀតណាម២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន ក្រោយលួចដោះផ្លាកលេខរថយន្តរបស់អាជីវករ កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះ១៩៩ ផ្លូវP-១៥ (បុរីប៉េងហួត) ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឱ្យដឹងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ថា ប្រតិបត្តិការចាប់ជនជាតិវៀតណាម២នាក់នេះ បានធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាលទទួលផែន និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងនគរបាល។
លោកអធិការនគរបាលខណ្ឌ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីជនរងគ្រោះឈ្មោះ សុខ ដារ៉ាថា មានករណីមានជនសង្ស័យមិនស្គាល់មុខ បានមកលួចដោះផ្លាកលេខរថយន្ត កម្លាំងនគរបាលមូលដ្ឋានបានចុះ ស្រាវជ្រាវភ្លាមៗ។ លុះដល់ម៉ោង ៣៖៤០នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនគរបាលបានឈានដល់ការឃាត់ជនសង្ស័យ២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ NGUYEN VAN NGHIEP អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្លឹប ECL
*ទី២៖ ឈ្មោះ HOANG VAN THE អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្លឹប ECL។ ជនល្មើសទាំង២នាក់ ស្នាក់នៅផ្ទះជួល៤៦ ផ្លូវD-០៤ (បុរីប៉េងហួត) ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
នៅចំពោះមុខនគរបាល, ជនល្មើសទាំង២នាក់ បានសារភាពថា មុនពេលកើតហេតុ ពួកគេបានជនរងគ្រោះទុករថយន្តម៉ាក TOYOTA PRIUS ពណ៌ស ផ្លាកលេខភ្នំពេញ 2BN-6595 នៅមុខផ្ទះ ហើយពួកគេក៏បានជិះរថយន្តម៉ាក LEXUS-GS ពណ៌ស ផ្លាកលេខព្រះសីហនុ 2D-8699 មកឈប់ក្បែរផ្ទះជនរងគ្រោះ រួចយកទួរណឺវ៉ីស លួចដោះផ្លាកលេខរថយន្តគេចខ្លួនតែម្តង។
លោក ម៉ៅ សឿត បានបញ្ជាក់ថា ក្រោយចាប់ខ្លួនជនល្មើសទាំង២នាក់ កម្លាំងនគរបាលបានដកហូត វត្ថុតាងផ្លាកលេខរថយន្តរបស់ជនរងគ្រោះមកវិញ គឺភ្នំពេញ 2BN-6595 និងដកហូតរថយន្ត១គ្រឿង ម៉ាក LEXUS-GS ពណ៌ស ដែលពួកគេជិះធ្វើសកម្មភាព, ទូរស័ព្ទ៣គ្រឿង, កាបូបពណ៌ខ្មៅ១, អត្តសញ្ញាណបណ្ណសញ្ជាតិវៀតណាម១សន្លឹក, បណ្ណបើកបររថយន្តវៀតណាម១សន្លឹក, បណ្ណសំគាល់យានជំនិះ១សន្លឹក, ទួរណឺវ៉ីស១, លិខិតឆ្លដែន១ក្បាល, ប្រាក់ ១,៤០០ដុល្លារ, ប្រាក់រៀល៥ម៉ឺនរៀល, ប្រាក់វៀតណាម១២០,០០០ដុង និងលិខិតទិញលក់ម៉ូតូ១សន្លឹក។ សម្រាប់ជនល្មើសទាំង២នាក់ ក្រោយការធ្វើតេស្តទឹកនោម ក៏រកឃើញមានសារធាតុញៀនផងដែរ។
បច្ចុប្បន្ន ជនល្មើសទាំង២នាក់ ត្រូវបានសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមច្បាប់៕