(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក​និងឧតុនិយម នាថ្ងៃ​ទី១៨ ខែធ្នូ​ ឆ្នាំ២០២៤ បាន​អញ្ជើញ​ជា​អធិបតី​បើក​កិច្ច​ប្រជុំ​សម្របសម្រួលប្រចាំឆ្នាំ​លើកទី​២​ ​រវាង​ក្រសួងធនធានទឹក​និង​ឧតុនិយម​ និង​ដៃគូអភិវឌ្ឍន៍​ ឆ្នាំ​២០២៤​ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។​

ក្នុងឱកាសនោះ​ លោករដ្ឋមន្ត្រី​បានសម្តែងនូវការអបអរសាទរ​ និងវាយតម្លៃខ្ពស់ចំពោះ​សមិទ្ធផល​​នៃ​កិច្ចសហប្រតិបត្តិ​ការ​ដែលសម្រេចបាន​ក្រោមការគាំទ្រយ៉ាងសកម្ម​​ពី​បណ្តាដៃគូអភិវឌ្ឍន៍​ ព្រមទាំង​បាន​ថ្លែង​​អំណរគុណ​ដល់​ក្រុម​ការងារ​រៀបចំ​ ជាពិសេស​​ទីភ្នាក់ងារ​​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD) សហភាពអឺរ៉ុប ​(EU) និង​កម្មវិធី​ការគ្រប់​គ្រង​ធនធានទឹក និង​ការផ្លាស់ប្តូរ​កសិកម្ម​នៅប្រទេសកម្ពុជា (WAT4CAM TA-ISWM)​​ ដែលបានជួយ​ឧបត្ថម្ភ​​គាំទ្រដល់​កិច្ចប្រជុំ​​ប្រចាំឆ្នាំ​នាពេលនេះ។

លោករដ្ឋមន្ត្រីបាន​ឱ្យដឹងថា​ កិច្ចប្រជុំសម្របសម្រួលប្រចាំឆ្នាំ​២០២៤ ​ធ្វើឡើង​​ដើម្បី​ពិនិត្យ​ ពិភាក្សា​លើ​វឌ្ឍនភាព សមិទ្ធផល​និង​បញ្ហាប្រឈម​ក្នុងដំណើរការនៃការអនុវត្តផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍​​វិស័យធនធានទឹកនិង​ឧតុនិយម​​ និង​ដើម្បីស្វែងរកធាតុចូលបន្ថែម​ ​ក៏ដូចជាការគាំទ្រនានា​ពី​ដៃគូអភិវឌ្ឍន៍​ ដើម្បី​ធានា​ឱ្យ​​ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍​៥ឆ្នាំ​​​ (២០២៤-២០២៨) របស់ក្រសួង​ធន​​ធានទឹក និង​ឧតុនិយម​​ ប្រព្រឹត្តទៅ​​​កាន់តែល្អប្រសើរ​ ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ​​ លោកមន្ត្រី​បានលើកឡើងថា​ ​រាជរដ្ឋាភិបាល​​​នីតិកាល​ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ​ប្រកប​ដោយភាព​ឈ្លាសវៃរបស់សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​​ បាន​កំណត់យ៉ាងច្បាស់​នូវអាទិភាពចំនួន​៥ គឺមនុស្ស ផ្លូវ​ ទឹក ភ្លើង និង​បច្ចេកវិទ្យា សម្រាប់​កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ​ ហើយដែលក្នុងនោះ​ការអភិវឌ្ឍវិស័យ​ធនធាន​ទឹកនៅតែជាវិស័យមួយ​ដែលត្រូវ​បានយក​ចិត្ត​ទុក​ដាក់​។​

លោកមន្ត្រីបាន​បញ្ជាក់ថា​​ វិស័យធនធានទឹកនៅកម្ពុជាបាននិងកំពុងអភិវឌ្ឍ​នៅលើ​ផ្លូវ​នៃ​ការធ្វើ​កំណែ​ទម្រង់​ ក្នុ​ង​គោលដៅប្រែក្លាយវិស័យនេះឱ្យកាន់តែ​មានគុណភាព និង​ប្រសិទ្ធភាពគ្រប់​ជ្រុង​​ជ្រោយក្នុង​ការ​លើកស្ទួយជីវភាពរស់នៅរបស់​កសិករប្រកបដោយ​ចីរភាព និង​​បាន​បញ្ជាក់បន្ថែមថា​ បើ​ទោះបីជាមានកិច្ច​ខំប្រឹង​ប្រែងយ៉ាងណា​ ក៏វិស័យធនធានទឹក​នៅ​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​បរិបទនៃ​ការប្រែប្រួល​អាកាស​​ធាតុ​ហើយដែលទាម​ទារ​ឱ្យ​មាន​​ដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត​ និង​​ការ​វិនិយោគលើហេដ្ឋា​រចនា​សម្ព័ន្ធ​ធន់​នឹង​អាកាស​ធាតុ​ ដោយ​ប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងទឹក​កម្រិត​ខ្ពស់ និងពង្រឹងកិច្ចសហប្រតិ​បត្តិការ​​​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ និង​ដៃគូអភិវ​ឌ្ឍន៍​ទាំងអស់។

ជាមួយគ្នានេះដែរ​​ លោកដ្ឋមន្ត្រីបានបង្ហាញនូវសុទិដ្ឋិនិយមនិង​​ជឿជាក់ថា​ កិច្ចប្រជុំ​ពិភាក្សានឹង​សម្រេច​បាននូវ​លទ្ធផល​​ប្រកបដោយផ្លែផ្កា​ ជាមួយនឹង​​ការចែករំលែក​ផ្លាស់ប្ដូរនូវ​មតិយោបល់​ មេរៀន​បទពិសោធន៍​នៅ​​ក្នុងការគ្រប់គ្រងបញ្ហាប្រឈម ក៏ដូចជាពិភាក្សាស្វែងរកដំណោះស្រាយ​សម្រាប់ការ​រៀបចំ​និង​​ការអនុវត្ត​គម្រោង​​​នានា​ ព្រមទាំងជំរុញភាពជាដៃគូ​ ពង្រឹងការយល់ដឹង និង​កិច្ចខិត​ខំប្រឹងប្រែង​រួមគ្នា ដើម្បី​ការគ្រប់​គ្រងធនធាន​ទឹកប្រកបដោយនិរន្តរភាពនៅកម្ពុជា​​ ធានាបាននូវសន្តិសុខទឹក​ជំរុញដល់កំណើន​សេដ្ឋកិច្ច​ជាតិ និង​លើកកម្ពស់ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ៕