(កំពង់ចាម)៖ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ នៅទីរួមខេត្តកំពង់ចាម នឹងប្រារព្ធពិធី ប្រណាំងទូក បណ្ដែតប្រទីត ដែលមានទូកចូលរួមប្រកួតជាង២០គូរ និងចំណុះទូកជាង១,៤០០នាក់ រីឯកម្លាំងនគរបាល និងអាវុធហត្ថ ត្រូវបានដាក់ពង្រាយជាច្រើននាក់ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ ជូនប្រជាពលរដ្ឋ។
ពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ទ្រៃយរដ្ឋសភា និងជាតំណាងរាស្ត្រខេត្តកំពង់ចាម និងលោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មួយចំនួនទៀតផងដែរ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងពិធីប្រណាំងទូកនៅរសៀលនេះ កម្លាំងនគរបាលរបស់លោក សរុបទាំង២២៣នាក់ ត្រូវបានដាក់ពង្រាយជា២គោលដៅ ដែលទី១-នៅកន្លែងអ៊ុទូក និងទី២-នៅកន្លែងលយប្រទីត ហើយកម្លាំងទាំងអស់ ត្រូវបានដាក់ដើម្បីរៀបចំសណ្ដាប់ធ្នាប់ ការពារសន្ដិសុខ និងចរាចរ សព្វបែបយ៉ាងគ្រប់២៤ម៉ោង។
ចំណែកលោកឧត្តសេនីយ៍ត្រី សោ សារឿន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាក់ដែរថា កម្លាំងកងរាជអាវុធហត្ថរបស់លោក បានដាក់ពង្រាយ សរុប៦៥នាក់ ដោយសហការជាមួយកម្លាំងនគរបាល ដើម្បីរក្សាការពារ សន្ដិសុខ សណ្ដាប់ធា្នប់ ក្រោមការណែនាំពីគណៈបញ្ជាការឯកភាព ខេត្តកំពង់ចាម។
សូមបញ្ជាក់ ពិធីប្រណាំងទូក បណ្ដែតប្រទីតនេះ ទូកដែលនឹងចូលរួមប្រកួត រួមមាន ទូកខ្នាតវែង ១១គូរ, ទូកខ្នាតខ្លី ១០គូរ ហើយចំណុះទូកទាំងអស់មានប្រមាណជាង១,២០០នាក់ ទៅ១,៤០០នាក់ ហើយការប្រណាំងទូកនេះ គឺធ្វើឡើងតែមួយថ្ងៃតែប៉ុណ្ណោះ ប៉ុន្ដែការតាំងពិព័រណ៌ ឬការកម្សាន្ដផ្សេងៗ ធ្វើឡើងរយៈពេល២ថ្ងៃ ដែលនឹងបញ្ចប់ នៅយប់ថ្ងៃទី១៦ ខែតុលាស្អែកនេះ៕