(ភ្នំពេញ)៖ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) បានរៀបចំសិក្ខាសាលាស្តីពី «រសជាតិម្ហូបអាហារកម្ពុជា៖ បេតិកភណ្ឌនៃការធ្វើម្ហូបអាហារខ្មែរ»។
សិក្ខាសាលាបានធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានECOSOCC ដែលមានសិក្ខាកាមចូលរួមប្រមាណ ៣២០នាក់ ក្នុងនោះមានលោកសាស្រ្តាចារ្យបណ្ឌិត អាំង ជូលាន, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការនៃ ECOSOCC, សាលាបង្រៀនធ្វើម្ហូប, ភោជនីយដ្ឋាន, តំណាងឯកអគ្គរាជទូត-រដ្ឋទូតមួយចំនួន, ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី, តំណាងក្រសួងស្ថាប័នទាំងអស់, ដៃគូអភិវឌ្ឍ, តំណាងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្រ្តី, ព្រមទាំងសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវនានា។
សិក្ខាសាលាខាងលើនេះ ចែកចេញជា៤វគ្គ ដោយវគ្គទី១៖ សុន្ទរកថាស្វាគមន៍ដោយ លោក ចែម ផល្លា និងសុន្ទរកថាបើកកម្មវិធីដោយ លោកសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ប្រធាន ECOSOCC, វគ្គទី២៖ បទបង្ហាញដោយ លោកសាស្រ្តាចារ្យបណ្ឌិត អាំង ជូលាង, វគ្គទី៣៖ កិច្ចពិភាក្សាអំពី «រសជាតិម្ហូបអាហារកម្ពុជា៖បេតិកភណ្ឌនៃការធ្វើម្ហូបអាហារខ្មែរ» ដែលមានវាគ្មិនកិត្តិយស លោកសាស្រ្តាចារ្យបណ្ឌិត អាំង ជូលាង នរវិទូ និងជាសាស្រ្តាចារ្យនៅមហារវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោកស្រី សៀងឯម ទទឹម ទីប្រឹក្សាបច្ចេកទេសECOSOCC លោកស្រី ទន់ ឯកសូហ្វី ស្ថាបនិកភោជនីយដ្ឋានក្រវាញ លោក លូ ម៉េង សហប្រធានវិស័យឯកជនទេសចរណ៍កម្ពុជា និងជាម្ចាស់ភោជនីយដ្ឋានម្លិះ និងលោកស្រី រស់ រតនៈ ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនរតនៈ សម្របសម្រួលដោយលោកសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី និងវគ្គទី៤៖ សុន្ទរកថាបិទកម្មវិធីដោយលោកសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានECOSOCC។
សិក្ខាសលានេះរៀបចំឡើង ក្នុងគោលបំណងបង្ហាញភាពសម្បូរបែបនៃមុខម្ហូបខ្មែរ ភាពបប៉ិនប្រសប់ ឈ្លាសវៃ ដែលបានបង្ហាញក្នុងប្រវត្តិសាស្ត្រ ប្រពៃណី វប្បធម៌ សង្គម និងបង្ហាញចំណេះដឹងកាន់តែស៊ីជម្រៅអំពីរបៀបរបប ទំនាក់ទំនងសង្គម ដែលជាទំនៀមទម្លាប់នៃការធ្វើម្ហូបអាហាររបស់កម្ពុជាមានការវិវត្តទៅតាមសម័យកាល។ ជាមួយនឹងតួនាទីជានិមិត្តរូបនៃម្ហូបអាហារក្នុងការប្រណិប័តន៍នៃវប្បធម៌ និងសាសនា និងរបៀបរៀបចំដែលប្រទេសកម្ពុជាប្រើប្រាស់បេតិកភណ្ឌធ្វើមុខម្ហូបរបស់ខ្លួននៅក្នុងទំនាក់ទំនងការទូតបែបទំនើប ជាកត្តាផ្តល់នូវការទាក់ទាញ និងជាអាហារូបត្ថម្ភ ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិនៅលើឆាកអន្តរជាតិ ព្រមទាំងចូលរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក គាំទ្រផលិតផលក្នុងស្រុក។
ទន្ទឹមនឹងនោះ សិក្ខាសាលានឹងលើកទឹកចិត្តដល់ការបន្តវេននូវបេតិកភណ្ឌវប្បធម៌នៃម្ហូបអាហារក្នុងស្រុក ដើម្បីលើកកម្ពស់មោទនភាពជាតិក្នុងការចម្អិនអាហារប្រកបដោយគុណភាព សុខភាព អនាម័យ និងភាពទាក់ទាញ ព្រមទាំងផ្តល់កម្មសិទ្ធិបញ្ញាដល់សហគមន៍មូលដ្ឋានតាមរយៈការផ្សារភ្ជាប់វប្បធម៌និងការធ្វើម្ហូបប្រពៃណីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាជន៕