(ភ្នំពេញ)៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation - IFC) បានបញ្ជាក់អំពីការប្តេជ្ញា និងគោលជំហររបស់ខ្លួន ក្នុងការជួយគាំទ្រក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រួមចំណែកជួយឱ្យកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍប្រែក្លាយ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ការបញ្ជាក់ជំហររបស់ IFC ធ្វើឡើងក្នុងឱកាសលោក រីកាដូ ភូលីធី (Riccardo Puliti) អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃ IFC ជួបពិភាក្សាការងារជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
ជាមួយសេចក្តីសោមនស្សរីករាយ និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោក រីកាដូ ភូលីធី និងសហការី ក្នុងឱកាសមកបំពេញបេសកកម្មការងារនៅប្រទេសកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញ នូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាច្រើនទស្សវត្សន៍កន្លងមក និងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ IFC ដែលបានគាំទ្រកម្ពុជាក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីឆ្នាំ ២០០០មក ទាំងក្នុងវិស័យហិរញ្ញវត្ថុ, កសិ-ពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ភាពជាដៃគូរវាងរដ្ឋនិងឯកជន, និង វិស័យអប់រំ ដែលជាលទ្ធផលបានជួយបង្កើតឱកាសការងារថ្មី បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ។
លោក រីកាដូ ភូលីធី បានសម្តែងនូវការអរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពី អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្នុងដំណើរបេសកកម្មការងាររបស់លោក ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ជាមួយនឹងការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងការវិនិយោគជាបន្តបន្ទាប់ រហូតមានការរីកចំរើនយ៉ាងឆាប់រហ័សដូចសព្វថ្ងៃ ។
លោកអនុប្រធាន ក៏បានសម្តែងនូវការកោតសរសើរ ចំពោះការរីកចំរើនរបស់កម្ពុជា ក្នុងការអភិវឌ្ឍថាមពលស្អាតដែលបច្ចុប្បន្នសម្រេចបាន ៥៨% នៃគោលដៅ ៧០% ព្រមទាំងបានគូសបញ្ជាក់អំពីការប្តេជ្ញា និងគោលជំហររបស់ IFC ក្នុងការបន្តគាំទ្រការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជំរុញកិច្ចប្រតិបត្តិការឡើងវិញ លើវិស័យអាទិភាពសំខាន់ៗជាអាទិ៍៖ វិស័យហិរញ្ញវត្ថុ, ហិរញ្ញប្បទានបៃតង, ឡូជីស្ទីក, ថាមពល, ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ជាមួយនឹងការបន្តផ្តល់សេវាប្រឹក្សា និងការបណ្តុះបណ្តាល ដើម្បីរួមចំណែកជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
អគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណចំពោះការប្តេជ្ញា និងគោលជំហររបស់ IFC ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍរបស់កម្ពុជា និងបានជម្រាបជូនថា វិស័យជាអាទិភាពដែល IFC បានកំណត់ គឺពិតជាឆ្លើយតបទៅនឹងបញ្ចកោណយុទ្ធសាស្រ្តទាំង ៥ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវ, ស្វាហាប់ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ជាអាទិ៍, វិស័យហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យឡូជីស្ទីក គឺជាវិស័យគន្លឹះ គាំទ្រការអនុវត្តកម្មវិធីជំរុញកំណើនរបស់រាជរដ្ឋាភិបាលសម្រាប់រយៈពេល ៤ ឆ្នាំខាងមុខ ។
អគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើសុំឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រកម្ពុជាទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីអាចឱ្យកម្ពុជាឈានឆ្ពោះទៅសម្រេចបានដោយជោគជ័យ នូវចក្ខុវិស័យឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយកដ្ឋមន្តី្រ បានជូនពរ លោក រីកាដូ ភូលីធី ព្រមទាំងសហការីឱ្យទទួលបានជោគជ័យ ក្នុងដំណើរបេសកកម្មរបស់ខ្លួន និងជឿជាក់យ៉ាងមុតមាំថាបេសកកម្មការងារនេះ នឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត៕