(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកា ផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមន៍លេខ១៤ ជាអង្គភាពសម្ព័ន្ធមេត្រីភាព ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យឆ្លងឆ្នាំសកល២០២៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
ពិធីនេះនៅទីបញ្ជាការដ្ឋានកងពលពលស្ថិតនៅចំណុចភ្នំបាយឃ្លះ ឃុំត្នោតជុំ ស្រុកក្រគរ ដោយមានការចូលរួមពីសំណាក់លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា, លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងលោក ងួន ប៉ោសេង អភិបាលរងខេត្ត។
លោកឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះលោករដ្ឋមន្ត្រី កែវ រតនៈ ព្រមទាំងប្រតិភូរួមដំណើរ ដោយបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤កាន់តែមានទំនុកចិត្ត ខិតខំពុះពារថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងរក្សាបាននូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីទាំងកិច្ចការតំបន់និងទាំងអន្តរជាតិ។ឯកឧត្តមឧត្តមសេនីយ៍ទោ បានបញ្ចាក់ថា ជានិច្ចកាលនាយទាហាន នាយទាហានរងនិងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ១៤ តែងតែមានកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំង៣ ដែលស្ថិតក្នុងភូមិសាស្ត្រទទួលខុសត្រូវ បានទប់ស្កាត់នូវរាល់ឧបាយកលពួកឧទ្ទាមក្រៅច្បាប់ និងបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង។ ក្រៅពីនោះអង្គភាព បានពង្រឹងសមត្ថភាព តាមរយៈការហ្វឹកហ្វឺនរៀនសូត្រ ទៅតាមគោលការណ៍ របស់អគ្គមេបញ្ជាការកងទ័ពជើងគោក បានជាប់ជាប្រចាំ។
ថ្លែងនាឱកាសនោះ លោក កែវ រតនៈ បានពាំនាំនូវការសួរសុខទុក្ខ ដល់កងកម្លាំង ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារ នាឱកាសអបអរសាទរ បុណ្យចូលឆ្នាំសកល២០២៥ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ។
លោករដ្ឋមន្ត្រី បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងរាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ សម្តេចបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ និងកងកម្លាំងយើង ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ក៏ដូចក្នុងផ្ទៃប្រទេសបានយ៉ាងរឹមាំ។
លោករដ្ឋមន្ត្រី កែវ រតនៈ បានបន្តថា ការចុះជួបសំណេះសំណាល ពីសំណាក់ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល, អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា នាពេលនេះ ក៏ដូចជាលើកមុនៗ គឺជាការយកចិត្តទុកដាក់ និងចង់ដឹងអំពីសុខទុក្ខ កងទ័ព និងក្រុមគ្រួសារ ដែលកន្លងមកបានខិតខំបំពេញតួនាទី ភារកិច្ច យ៉ាងអង់អាចក្លាហាន ក្នុងគោលបំណងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ប្រសូត្រចេញពីការបោះឆ្នោត។
លោករដ្ឋមន្ត្រី បន្ថែមថា ការចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅសមរភូមិក្រោយ និងសមរភូមិមុខ ដែលបាននឹងកំពុងរក្សាការពារខ្សែបន្ទាត់ព្រំដែន គឺជាការផ្សារភ្ជាប់ និងបង្កើននូវការទំនាក់ទំនង ឱ្យកាន់តែល្អនឹងគ្នា ក្នុងការទ្រទ្រង់នូវជីវភាព និងភាពចាំបាច់របស់កងទ័ព ពិសេសកងពលតូចអន្តរាគមន៍លេខ១៤ ជាសម្ពន្ធមេត្រីភាព កាន់តែជិតស្និទ្ធទ្វេរឡើងថែមទៀត។ ជាមួយគ្នានោះ លោកបានសម្តែងនូវការគោរពកោតសរសើរ ដឹងគុណចំពោះវីរភាព ការលះបង់ ការតស៊ូ និងការធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន របស់កងទ័ពយើង ដោយបានផ្តាំផ្ញើដល់កងទ័ពទាំងអស់ ត្រូវបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាឱ្យបានល្អ ជាមួយកងឯកភាព អាជ្ញាធរមូលដ្ឋាន និងត្រូវក្តាប់ឱ្យបានសភាពការណ៍ ចូលរួមទប់ស្កាត់ និងការពារធនធានធម្មជាតិព្រៃឈើ ដើម្បីធានាប្រសិទ្ធភាព នៃកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដល់កូនចៅយើងជំនាន់ក្រោយ។
គួរបញ្ជាក់ថា អំណោយរបស់ក្រសួងរ៉ែ និងថាមពល ដែលត្រូវប្រគល់ជូន បញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១៤នាពេលនេះ រួមមាន៖ មី១ពាន់កេស, ប៊ីចេង១០០កេស ត្រីខកំប៉ុង១០០កេស, ត្រីងៀត២០០គីឡូក្រាម, សាច់ក្រក២០០គីឡូក្រាម, ប្រហុកសាច់១តោន, ឆៃប៉ូវផ្អែម១តោន, ទឹកបរិសុទ្ធ២០កេស, ទឹកត្រីទឹកស៊ីអ៊ីវ១ពាន់យួរ និងថវិកា៥,០០០ដុល្លារអាមេរិក ដោយចំណាយថវិកាអស់ចំនួន៣២,០០០ដុល្លារអាមេរិក ក្នុងនោះថវិការអគ្គិសនីកម្ពុជា ចំនួន២៥,០០០ដុល្លារអាមេរិក, ថវិកាស្ម័គ្រចិត្តនិយោជិតអគ្គីសនីកម្ពុជា ចំនួន២,០០០ដុល្លារអាមេរិក និងថវិការ អាជ្ញាធរអគ្គិសនីកម្ពុជា ចំនួន៥,០០០ដុល្លារអាមេរិក៕