(សៀមរាប)៖ ឧត្តមសេនីយ៍ឯកលឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានអនុគណៈកម្មការជំរុញការប្រើប្រាស់ និងបង្កើតមាតិកា ដោយមានការចូលរួមពីតំណាងលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តសៀមរាប ស្រុកវ៉ារិន រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍ បំផុសការប្រើប្រាស់ App NoDrug ដល់មេឃុំ មេភូមិទូទាំងឃុំស្រែណូយ និងអ្នកពាក់ព័ន្ធដើម្បីឱ្យពួកគាត់មានសមត្ថភាពអាចបំផុសឱ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrugនេះ។
ក្រោយទទួលបានការផ្សព្វផ្សាយពីរបៀបប្រើប្រាស់ និងអត្ថប្រយោជន៍រួចមក លោកស្រី វ៉ក ណម មេឃុំស្រែណូយ បានថ្លែងថា App NoDrug នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ហើយលោកស្រីនឹងចាត់ចែងឱ្យមេភូមិទាំងអស់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាញយកកម្មវិធីនេះមកប្រើប្រាស់នៅមូលដ្ឋានឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឧត្តមសេនីយ៍ឯក លឹម តុងហួត កោតសសើរ និងបានស្នើសុំគឺលោកស្រីមេឃុំក៏បានយល់ស្របទទួលយកវិធីសាស្រ្តក្នុងការផ្សព្វផ្សាយ និងទាញយកកម្មវិធី NoDrug នេះមកប្រើប្រាស់គឺតាមរយៈមេភូមិ មេក្រុម អ្នកពាក់ព័ន្ធ វេទិកានានា និងប្រជាពលរដ្ឋដែលគាត់មកទទួលសេវានៅសាលាឃុំស្រែណូយទាំងអស់ ដើម្បីឱ្យពួកគាត់មានឧបករណ៍ក្នុងការទទួលបានចំណេះដឹង និងរាយការណ៍រាល់ករណីគ្រឿងញៀនដែលកើតមាននៅក្នុងមូលដ្ឋានសហគមន៍របស់គាត់។
នៅល្ងាចថ្ងៃដដែល ក្រុមការងារបានបន្តចុះផ្សព្វផ្សាយ និងជំរុញការទាញយកអេបូត្រាក់ដល់ប្រជាពលរដ្ឋ និងអាជីវករនៅផ្លូវ៦០ម៉ែត្រ អង្គរឃ្យូងយូរផងដែរ៕