(កំពត)៖ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍លទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥របស់ស្នងការដ្ឋាននគរបាលខេត្តកំពត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ, ប្រធានសាលាដំបូងខេត្ត, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត, លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត, មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, ប្រធានពន្ធនាគារខេត្ត, អភិបាលក្រុង ស្រុក, ប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិព្រំដែនព្រែកចាក, មេបញ្ជាការវរព្រំដែនទឹកលេខ២៤១, ស្នងការរងខេត្ត, នាយការិយាល័យជំនាញ, អធិការ អធិការរងក្រុង/ស្រុកទាំង៩ និងលោកនាយប៉ុស្តិ៍នគរបាលទាំង៩៣។

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងរាយការណ៍អំពីលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត រួចមកលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំ និងវាយតម្លៃខ្ពស់ប្រកបដោយអត្ថន័យខ្លឹមសារ ស៊ីជម្រៅបង្ហាញពីឆន្ទៈមុតស្រួច និងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងកងកម្លាំង និងអាជ្ញាធរមូលដ្ឋានកាន់តែមានទឹកចិត្តក្លៀវក្លាក្នុងការអនុវត្តការងារជំនាញ ដើម្បីស្ថាបនាអភិវឌ្ឍន៍ក្នុងជួរកងកម្លាំង ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យនូវភារកិច្ចថ្មីៗបន្ថែមទៀត។

លោកបណ្ឌិត ម៉ៅ ធនិន បានថ្លែងកោតសរសើរដល់កងកម្លាំងនគរបាលខេត្តកំពតទាំងអស់ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ដែលនៅពេលថ្មីៗនេះ បានសហការគ្នាយ៉ាងល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងកិច្ចការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត ទទួលបានជោគជ័យ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ បានធ្វើការឯកភាពទាំងស្រុង និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ស្នងការនគរបាលខេត្តកំពត ដែលបង្ហាញអំពីលទ្ធផលការងារដែលសម្រេចបាន ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្ដយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបន្ដឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពតទាំងអស់ ព្រមទាំងបានផ្តល់អនុសាសន៍ដឹកនាំប្រកបដោយអត្ថន័យខ្លឹមសារទូលំទូលាយស៊ីជម្រៅ ក្នុងការងារជំនាញពោរពេញដោយបទពិសោធន៍ថ្មីៗ ដល់កងកម្លាំងទាំងអស់ ដើម្បីទុកជាត្រីវិស័យក្នុងកិច្ចប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ខេត្តកំពត គឺជាខេត្តដ៏សំខាន់មួយក្នុងចំណោមរាជធានី-ខេត្តរបស់កម្ពុជា ពីសេសក៏ជាខេត្តតំបន់ទេសចរណ៍ដ៏សំខាន់ផងដែរ ដូច្នេះការងាររក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត មិនអាចធ្វេសប្រហែសបានឡើយ ពោលនៅពេលមានបទល្មើសកើតឡើង ត្រូវបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ ដើម្បីចាត់វិធានការតាមច្បាប់ និងឈានដល់ការបង្ក្រាបឲ្យខាងតែបាន៕