(ភ្នំពេញ)៖ លោកស្រី ប្រៃហ្គេត អែល វ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចែករំលែកបទពិសោធន៍មួយចំនួនពាក់ព័ន្ធការស្វែងរកសន្តិភាព និងការបញ្ចប់សង្គ្រាម។
សំណើរបស់លោកស្រីភារធារីស្តីទីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។ នៅក្នុងជំនួបនេះ ក្រៅពីជជែកពាក់ព័ន្ធទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិកហើយនោះ សម្តេចតេជោ និងលោកស្រីភារធារីស្តីទីស្ថានទូតអាមេរិក ក៏បានជជែកលើបញ្ហាតំបន់ និងពិភពលោក ពាក់ព័ន្ធភាពប្រឈមនានារបស់ពិភពលោក ជាពិសេសបញ្ហាសង្គ្រាមនៅតាមបណ្តាប្រទេសនានា។
សម្តេចតេជោ ហ៊ុន សែន ត្រូវបានពលរដ្ឋកម្ពុជា និងមេដឹកនាំនៃបណ្តាប្រទេសលើពិភពលោកចាត់ទុកជាស្ថាបនិក និងជាតួអង្គដ៏សំខាន់ក្នុងការបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជាកាលពីអតីតកាលដ៏ជូរចត់។ នៅពេលថ្មីៗតាមរយៈយន្តការបក្សនយោបាយ និងយន្តការសភាអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវយុទ្ធសាស្ត្រជាច្រើន ដែលសម្តេចបានប្រើដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា។
តបទៅនឹងសំណើរបស់មន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិកនៅកម្ពុជា សម្តេចតេជោ បានចែករំលែកបទពិសោធមួយចំនួន ដែលជាធាតុចូលសំខាន់ក្នុងការដោះស្រាយវិវាទតំបន់ដែលកំពុងកើតឡើង។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងបញ្ហាជម្លោះរបស់ប្រទេសនានា កម្ពុជាតែងតែអនុវត្តគោលការណ៍ច្បាប់អន្តរជាតិ និង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕