(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា វត្តមាននាវាចម្បាំងអាមេរិក USS SAVANNAH នៅកម្ពុជា បង្ហាញពីទំនាក់ទំនងល្អ នៅក្នុងវិស័យការពារជាតិ និងកងទ័ព ហើយជាការបង្កើនទំនុកចិត្តបន្ថែមលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ប្រាប់លោកស្រី ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងពេលពេលដែលសម្តេចអនុញ្ញតឲ្យមន្រ្តីការទូតអាមេរិករូបនោះ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងជំនួបនោះ សម្តេចតេជោ អះអាងថា វត្តមាននាវាចម្បាំងសហរដ្ឋអាមេរិក USS SAVANNAH នៅកម្ពុជា បង្ហាញពីទំនាក់ទំនងល្អ នៅក្នុងវិស័យការពារជាតិ និងកងទ័ព បន្ទាប់ពីមេបញ្ជាការកងទ័ពកម្ពុជា បានទៅប្រជុំនៅរដ្ឋហាវ៉ែ ហើយជាការបង្កើនទំនុកចិត្ត បន្ថែមលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលមានស្រាប់ និងតាមរយៈសកម្មភាពនានារបស់ USAID ផងដែរ។
ចំណែក លោកស្រី ប្រៃហ្គេត អែលវ៉កឃឺរ បានជម្រាបជូន សម្តេចតេជោថា ក្រោយដំណើរទស្សនកិច្ចរបស់ លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិកនៅកម្ពុជា វត្តមាននៃនាវាចម្បាំងសហរដ្ឋអាមេរិក USS SAVANNAH លើកដំបូងនៅកម្ពុជាម្សិលមិញ នៅក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ សបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ លើវិស័យយោធា ក៏ដូចជានៅក្នុងវិស័យនានាផ្សេងៗទៀត រួមមាន សុខាភិបាល អប់រំ ការដោះមីនជាដើម។
នាវាកងទ័ពជើងទឹករបស់អាមេរិកនេះ កងទ័ពជើងទឹកអាមេរិក ដឹកនាំដោយ វរនាវីទោ Daniel A.sledz មេបញ្ជាការនាវានឹងទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា រយយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ការចូលមកដល់ផែរបស់កម្ពុជា កងទ័ពជើងទឹករបស់អាមេរិក ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ វរនាវីឯក មាន សាវឿន មេបញ្ជាការ រងមូលដ្ឋាន សមុទ្ររាមកងទ័ពជើងទឹក ក៏ដូចជានាយនាវី មូលដ្ឋានសមុទ្ររាមជាច្រើនរូបទៀត។
នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលចូលមកកម្ពុជានាពេលនេះ មានឈ្មោះ USS SAVANNAH (LCS 28)។ ក្រសួងការពារជាតិកម្ពុជា បានចាត់ទុកថា ការចូលសំចតនាវារបស់សហរដ្ឋអាមេរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។
តាំងពីឆ្នាំ២០០៧ ការចូលសំចតនាវា ចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មានចំនួន២៧គ្រឿង ដែលការចូលសំចតលើកនេះជាលើកដំបូងបន្ទាប់ពីខកខានអស់រយៈពេល០៨ឆ្នាំ។ ក្នុងអំឡុងពេលចូលសំចតនាវានៅក្នុងប្រទេសកម្ពុជា រយៈពេល ៥ថ្ងៃនេះ គណៈប្រតិភូនាវាបានរៀបចំផែនការសកម្មភាពជាបន្តបន្ទាប់ផងដែរ ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ។
ក្នុងផែនការសកម្មភាពដែលបានគ្រោងទុករួមមាន ជំនួបពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម ជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល ខេត្តព្រះសីហនុ កម្មវិធីប្រកួតកីឡាមិត្តភាពរវាងក្រុមនាវិករបស់នាវាចម្បាំងសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជា ក្នុងន័យលើកកម្ពស់ភាពស្និទ្ធស្នាល និងការសាមគ្គីគ្នាជាក្រុម និងរួមមានកម្មវិធីជាលក្ខណៈមិត្តភាពមួយចំនួនទៀតផងដែរ។ ដំណើរទស្សនកិច្ចខាងលើនេះ ជាព្រឹត្តិការណ៍សំខាន់មួយទៀត នៃភាពជាដៃគូកាន់តែប្រសើរ ឡើង រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។
កាលពីខែមិថុនា ឆ្នាំ២០២៤ លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិអាមេរិក បានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ អំឡុងទស្សនកិច្ចនេះ លោកបានពិភាក្សាការងារជាបន្តបន្ទាប់ ជាមួយសម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិរបស់កម្ពុជាផងដែរ។ ណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក ឡយ អូស្ទីន នៅកម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថា ជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែល្អប្រសើរ៕