(កណ្ដាល)៖ បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីក្រោមឱវាទជាង១,០០០នាក់។

ថ្លែងទៅកាន់អង្គសន្និបាតនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានកោតសរសើរចំពោះថ្នាក់ ដែលបានដឹកនាំសាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់នៃបណ្ឌិត្យសភា ដែលមានគំនិតនវានុវត្តន៍ មានឆន្ទៈការងារមោះមុត និងមានសាមគ្គីភាពផ្ទៃក្នុងល្អក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីអភិវឌ្ឍបណ្ឌិត្យសភាឱ្យស្របតាមស្តង់ដាគុណភាពជាតិ និងអន្តរជាតិ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា បណ្ឌិត្យសភានគរបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗទាក់ទងនឹងការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាព គ្រូបង្រៀន និងមន្ត្រី ការអភិវឌ្ឍធនធានរូបវន្ត និងធនធានសិក្សាការស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល កិច្ចសហការប្រតិបត្តិការអន្តរជាតិ និងការពង្រឹងវិន័យអ្នកសិក្សា ក្នុងការឈានទៅសម្រេចបានជោគជ័យលើ ការអនុវត្តផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ ដំណាក់កាលទី៣ (២០២៤-២០២៨) របស់ខ្លួន ដើម្បីកសាងវប្បធម៌គុណភាពនិងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ស្របតាមតម្រូវការរបស់សង្គមជាតិ ព្រមទាំងធានាបាននូវភាពម្ចាស់ការលើការអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្នុងពេលអនាគត។

នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា សន្និបាតនេះឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព និងសមិទ្ធផលធំៗនានារបស់បណ្ឌិត្យសភា ព្រមទាំងបង្ហាញអំពីបទពិសោធន៍ការងារល្អៗ ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ដែលជាមូលដ្ឋាននៃការកែលម្អក្នុងអនុវត្តផែនការយុទ្ធសាស្ត្ររបស់ខ្លួនឱ្យបានជោគជ័យបន្ថែមទៀត ដើម្បីឈានទៅសម្រេចផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំបញ្ជារបស់ លោកសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ទន្ទឹមនេះនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានគូសបញ្ជាក់ថា សន្និបាតនាពេលនេះ ពិតជាមានសារៈសំខាន់ និងដើម្បីស្វែងរកធាតុចូលបន្ថែម ដើម្បីជាមូលដ្ឋានក្នុងការកែលម្អនិងអភិវឌ្ឍបណ្ឌិត្យ សភានគរបាលកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាម អភិក្រម៥+១ របស់ខ្លួនគឺការផ្តួចផ្តើមគំនិត ការច្នៃប្រឌិត ការកែទម្រង់ នវានវត្តន៍ និងនវកម្ម ព្រមទាំងការ មើលឃើញចំណុចខ្វះខាត៕