(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះសួរសុខទុក និងផ្តល់មុងជ្រលក់ថ្នាំ ថ្នាំលាបស្បែក បណ្តេញមូស ជួសឈាមរកមេរោគគ្រុនចាញ់ និងអប់រំសុខភាពស្តីពីជំងឺគ្រុនចាញ់ ដល់កងកម្លាំងកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការពារទឹកដីតាមខ្សែរបន្ទាត់ព្រំដែនជួរមុខកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត។
លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា គោលបំណងដែលលោកដឹកនាំក្រុមការងារចុះមកទីនេះ គឺដើម្បីរួមចំណែកផ្សព្វផ្សាយស្តីពីការការពារជំងឺគ្រុនចាញ់ ក៏ដូចចែកជូនសម្ភារមួយចំនួនការពារជំងឺគ្រុនចាញ់ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលឈរជើងការពារបូរណភាពទឹកដី តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយសារតែតំបន់នេះគឺជាតំបន់ព្រៃភ្នំ។
លោកវេជ្ជបណ្ឌិត បានថ្លែងបន្តថា ទោះបីអត្រាជំងឺគ្រុនចាញ់នៅក្នុងខេត្តព្រះវិហារ បានធ្លាក់ចុះក៏ពិតមែន មន្ទីរសុខាភិបាលខេត្ត នៅតែបន្តយុទ្ធនាការលុបបំបាត់ជំងឺគ្រុនចាញ់បន្ថែមទៀត ដោយមានការធ្វើតេស្តរក មេរោគគ្រុនចាញ់នៅតាមផ្ទះរាល់សប្តាហ៍ និងបានចុះអប់រំពីសុខភាពនៅតាមសហគមន៍ ដែលមានហានិភ័យឆ្លងជំងឺគ្រុនចាញ់ខ្ពស់ ដូចជានៅតំបន់ភ្នំ ឬកន្លែងដែលមានព្រៃច្រើន ដោយធ្វើការអង្កេតតាមដានពីផលប៉ះពាល់ ដែលអាចនឹងកើតមាននិងការព្យាបាលជាដើម។
លោក គួង ឡូ បានថ្លែងបញ្ជាក់ថា ទាក់ទងនិងការការពារជំងឺគ្រុនចាញ់ យើងបានត្រៀមធ្វើការចែកមុង និងថ្នាំលាបស្បែកបណ្តេញមូស សម្រាប់ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ព្រោះថាជំងឺគ្រុនចាញ់ឥឡូវវាមិនមែនមានគ្រប់កន្លែងទាំងអស់នោះទេ គឺកន្លែងខ្លះមាន ហើយកន្លែងខ្លះមិនមានទេ។ លោកក៏អំពាវនាវដល់កងទ័ពយើងត្រូវធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីការពារពីជំងឺគ្រុនចាញ់ ដោយអនុវត្តនៅវិធានការមួយចំនួនដែលលោកបានរៀបរាប់មកខាងលើ៕