(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (ស៊ីប៊ីស៊ី) ដែលជាហេដ្ឋារចនាសម្ព័ន្ធទិន្នន័យហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា បានដាក់ដំណើរការជាផ្លូវការ សេវាផ្ទៀងផ្ទាត់អចលនទ្រព្យឌីជីថល សម្រាប់សមាជិកចំនួន១៩៨ស្ថាប័ន ដែលរួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។

ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងនៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ ក្រោមធិបតីភាពលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា រួមជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់មកពីក្រសួង ធនាគារ ស្ថាប័នហិរញ្ញវត្ថុ និងសមាគមជាង ៣០០នាក់ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

សេវាផ្ទៀងផ្ទាត់អចលននេះ ត្រូវបានដាក់ដំណើរការតាមរយៈប្រព័ន្ធកម្មវិធីអន្តរកម្ម ផ្លាស់ប្តូរទិន្នន័យរវាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ដោយ​មានការសហការពីក្រុមហ៊ុនវាន់ហ្គាយ ឯ.ក ដែល​បាន​គាំទ្រក្រសួង ក្នុង​ការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈនានា។

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងថា «យើងបានធ្វើឌីជីថលន័យកម្មលើការរស់នៅ និងក្នុងការផ្តល់សេវាកម្មដល់ប្រជាជនរបស់​យើង។ ជាមួយនឹងឌីជីថលូបនីយកម្ម នៃការងាររបស់យើង។ យើងនឹងអាចបង្កើនផលិតភាព សម្រួលប្រតិបត្តិការ កាត់បន្ថយចំណាយប្រតិបត្តិការ បង្កើនប្រសិទ្ធភាព និងបង្កើនសុវត្ថិភាព។ នេះពិតជានឹងផ្តល់ឱ្យសង្គម របស់យើង កាន់តែមានបរិយាកាសនយោបាយ និងសន្តិសុខសេដ្ឋកិច្ច»

លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា បានថ្លែងថា «គំនិតផ្តួចផ្តើមនេះ គឺជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់តម្លាភាព ការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងការធានានូវស្ថិរភាពនិងនិរន្តរភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់យើង។ ការរួមបញ្ចូល ការផ្ទៀងផ្ទាត់ អចលនទ្រព្យ ជាមួយនឹងការចែករំលែកព័ត៌មានឥណទាន ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជាការកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ ការវាយតម្លៃហិរញ្ញវត្ថុ កាន់តែមានសុក្រឹតភាព និងលឿនជាងមុន ការទទួលបានលក្ខខណ្ឌឥណទាន កាន់តែប្រសើរ និងការការពារអតិថិជនពីបំណុលលើសលប់ជាដើម»

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានចំណាប់អារម្មណ៍ អាចប្រើប្រាស់សេវាផ្ទៀងផ្ទាត់អចលនទ្រព្យនេះ លើ​ផ្លាតហ្វូម​របស់ស៊ីប៊ីស៊ី។ សមាជិករបស់ស៊ីប៊ីស៊ី ដែលមានសិទ្ធក្នុងការប្រើប្រាស់សេវាផ្ទៀងផ្ទាត់អចលនទ្រព្យនេះអាចចូលទៅកាន់ផ្លាតហ្វូម រួចបំពេញព័ត៌មាន​លម្អិតរបស់ អចលនទ្រព្យដោយមានការយល់ព្រមច្បាស់លាស់ ពីម្ចាស់កម្មសិទ្ធ​។ បន្ទាប់ពីបានស្នើសុំក្នុងប្រព័ន្ធដោយជោគជ័យ​ អ្នកស្នើសុំនឹងទទួលបានរបាយការណ៍ផ្ទៀងផ្ទាត់អចលនទ្រព្យ ដែលត្រូវបានបង្កើតឡើង ដោយផ្នែកលើទិន្នន័យពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) បានថ្លែងថា «យើង​រីក​រាយក្នុងការផ្តល់ជូន សេវាផ្ទៀងផ្ទាត់អចលនទ្រព្យ សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាសមាជិករបស់យើង ដើម្បីបង្កើតការគ្រប់គ្រងហានិភ័យឥណទានកម្រិតខ្ពស់ ធ្វើឱ្យដំណើរការនៃប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព និងពន្លឿនដំណើរការនៃការផ្ទៀងផ្ទាត់​ ដោយមានការគាំទ្រពី​ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងធនាគារជាតិ នៃកម្ពុជា»

របាយការណ៍ផ្ទៀងផ្ទាត់អចលនទ្រព្យ បង្ហាញព័ត៌មានលម្អិតរបស់ម្ចាស់កម្មសិទ្ធ អាសយដ្ឋានផ្អែកតាមកូអរដោនេភូមិសាស្រ្ត និង​ព័ត៌មានជាប់បន្ទុក​របស់​អចលនទ្រព្យ។​ ព័ត៌មានក្នុងរបាយការណ៍ផ្ទៀងផ្ទាត់អចលនទ្រព្យត្រូវ​បានផ្លាស់ប្តូរតាមតម្រូវការរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ វាជារឿងធម្មតាសម្រាប់បុគ្គល ក្នុងការស្នើសុំឥណទាន ដោយប្រើប្រាស់អចលនទ្រព្យសម្រាប់ធានា។ ស្របពេលដែលឥណទានគេហដ្ឋាន កំពុងពេញនិយម សេវាកម្មផ្ទៀងផ្ទាត់អចលនទ្រព្យនេះ នឹងអនុញ្ញាតឱ្យ​ធនាគារ និងស្ថាប័នហិរញ្ញវត្ថុអាចពន្លឿនប្រតិបត្តិការក្នុងការផ្ទៀងផ្ទាត់អចលនទ្រព្យកាន់តែមានប្រសិទ្ធភាព ដើម្បី​អាចវាយតម្លៃហានិភ័យអចលនទ្រព្យ និងដំណើរការក្នុងការ​ស្នើសុំឥណទាន។

លោក ហ្សាវីយ៉េ ហង់រី អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ហ្វាន់ហ្គាយ ឯ.ក បានថ្លែងថា «យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រក្រសួងក្នុងការធ្វើបរិវត្តសេវាកម្មរបស់ខ្លួន តាមរយៈបច្ចេកវិទ្យាឌីជីថលចុងក្រោយបង្អស់ ដើម្បីបម្រើសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង។ យើង​សង្ឃឹម​ថា​កិច្ច​សហការ​នេះ​នឹងផ្តល់ផលប៉ះពាល់​ជា​វិជ្ជមាន​ទាំង​សេដ្ឋកិច្ច​និង​សង្គម»