(ភ្នំពេញ)៖ ឆវ័ន្ន វិធារ៉ា ជាយុវជនមួយរូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពបំផុសឱ្យមានសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលក្នុងសំណុំរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) តាមគ្រុបតេឡេក្រាម។
វិធារ៉ា ជាយុវជនដែលឃ្លាតឆ្ងាយពីផ្ទះនៅខេត្តព្រៃវែង ទៅរត់ម៉ូតូកង់៣ នៅខេត្តព្រះសីហនុ។ មុនពេលសមត្ថកិច្ចចាប់ខ្លួន យុវជនរូបនេះ បានលង់ជឿតាមការញុះញង់របស់ក្រុមប្រឆាំង ជាពិសេសយុវជនរបស់ក្រុមប្រឆាំងនៅឯប្រទេសជប៉ុន ហើយគេបានធ្វើចូលរួមបញ្ចេញមតិយោបល់នានានៅក្នុងគ្រុបតេឡេក្រាម ក្នុងផែនការប្រឆាំងរាជរដ្ឋាភិបាលពាក់ព័ន្ធរឿងគម្រោង CLV ដែលពួកគេជឿតាមការញុះញង់របស់ក្រុមប្រឆាំងថា គម្រោងនេះនឹងធ្វើឱ្យបាត់បង់ទឹកដី និងអធិបតេយ្យជាតិនោះ។
ក្រោយពេលសមត្ថកិច្ចចាប់ និងឃុំខ្លួននៅពន្ធនាគារ យុវជន ឆវ័ន្ន វិធារ៉ា ដែលសូត្របានតិចការពិចារណាមិនបានច្រើននោះ កើតការនឹកស្តាយកំហុសរបស់ខ្លួន។ កាន់តែស្តាយខ្លាំងនោះ នៅពេលរូបគេដឹងថា អ្នកញុះញង់ឱ្យប្រព្រឹត្តទង្វើប្រឆាំង CLV បានចេញសារភាពកំហុស និងសុំអភ័យទោសពីរាជរដ្ឋាភិបាល។
ការប្រព្រឹត្តកំហុសរហូតមានទោសទណ្ឌក្នុងវ័យត្រឹម១៦ឆ្នាំ របស់យុវជន ឆវ័ន្ន វិធារ៉ា បាននាំមកនូវក្តីកង្វល់ និងភាពសោកសៅជាខ្លាំងសម្រាប់ឪពុកម្តាយ។ លោក ឆិត ឆវ័ន្ន និងអ្នកស្រី ផាត អ៊ាច បានស្វះស្វែងគ្រប់ច្រកល្អករកក្តីសណ្តោសពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱ្យកូនប្រុសបានរួចពីពន្ធនាគារ។
ដោយក្តីអាណិតអាសូរចំពោះឪពុកម្តាយ និងបានមើលឃើញថា យុវជន ឆវ័ន្ន វិធារ៉ា ភ្ញាក់រលឹកទទួលស្គាល់កំហុសហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួយសម្របសម្រួលឈរលើស្មារតីមនុស្សធម៌ តុលាការ ក៏បានយល់ព្រមអនុញ្ញាតឱ្យយុវជន វិធារ៉ា រស់នៅក្រៅឃុំ ដើម្បីមានឱកាសកែខ្លួន។
កាលពីថ្ងៃទី១៤ ខែធ្នូ វិធារ៉ា បានចេញពីពន្ធនាគារជួបជុំឪពុកម្តាយ និងប្អូនប្រុស។ កាបានជួបជុំគ្នាវិញនេះ បាននាំមកនូវភាពសប្បាយរីករាយគ្មានអ្វីប្រៀបផ្ទឹមនោះឡើយ សម្រាប់គ្រួសារយុវជន វិធារ៉ា។
យុវជន ឆវន្ន័ វិធារ៉ា បានលំឱនកាយគោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យ៉ាងជ្រាលជ្រៅបំផុត សម្រាប់ការផ្តល់ក្តីមេត្តាសណ្តោសប្រណីជួយសម្របសម្រួលឱ្យរូបគេ បាននៅក្រៅឃុំកសាងខ្លួនជាថ្មី។
វិធារ៉ា បានបង្ហាញការសោកស្តាយជាខ្លាំងចំពោះកំហុសខុសឆ្គងដ៏ធ្ងន់ធ្ងរដែលគេបានធ្វើ។ វិធារ៉ា បានទទួលស្គាល់ថា ទង្វើផ្ទុយនឹងច្បាប់ដែលរូបគេបានធ្វើ ព្រោះតែខ្វះការពិចារណា លង់ជឿតាមការអូសទាញ និងញុះញង់របស់ក្រុមប្រឆាំង។
យុវជនរូបនេះ ចាត់ទុកកំហុសឆ្គងនេះ ជាមេរៀនមួយសម្រាប់ជីវិតដ៏ជូរចត់។ ឆ្លងតាមពិសោធន៍ជីវិតដ៏ជូរចត់នេះ យុវជន វិធារ៉ា ផ្តាំដល់យុវវ័យទាំងអស់ មុននឹងធ្វើទង្វើអ្វីមួយពាក់ព័ន្ធនឹងបញ្ហាសង្គមជាតិ ត្រូវតែគិតពិចារណា ស្វែងយល់ហេតុ និងផលឱ្យបានច្បាស់លាស់។ ជាពិសេសមិនត្រូវជឿតាមការញុះញង់ និងអូសទាញរបស់ក្រុមអ្នកនយោបាយប្រឆាំងនោះឡើយ។
«ដូចជាករណីខ្ញុំបាទ គេអូសទាញខ្ញុំឱ្យប្រព្រឹត្តទង្វើផ្ទុយនឹងច្បាប់ រុញឱ្យខ្ញុំជាប់ពន្ធនាគារដោយមិនទទួលខុសត្រូវអ្វីទាំងអស់។ ទង្វើក្រុមប្រឆាំងគេយកយើងជាឈ្នាន់បម្រើប្រយោជន៍នយោបាយរបស់គេ ដោយមិនគិតពីផលលំបាក និងការរងគ្រោះរបស់យើងនោះឡើយ គេហ៊ានបំផ្លាញយើងដើម្បីតែប្រយោជន៍របស់គេ។ ដូច្នេះត្រូវតែពិចារណាឱ្យល្អិតល្អន់បំផុតចំពោះពាក្យសម្តីរបស់ក្រុមប្រឆាំង ហើយត្រូវតែប្រឆាំងដាច់ខាតចំពោះរាល់ការអំពាវនាវរបស់ពួកគេឱ្យធ្វើសកម្មភាពផ្សេងៗ ដែលនឹងនាំឱ្យជាតិយើងមានបញ្ហា»។ នេះជាការលើកឡើងរបស់យុវជន វិធារ៉ា៕