(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានស្នើឱ្យមានការយកចិត្តទុកដាក់ ការងារអាទិភាពចាំបាច់មួយចំនួន ដើម្បីចាប់យកកាលានុវត្តភាព និងចូលរួមសហការក្នុងការជំរុញការអភិវឌ្ឍបចេ្ចកវិទ្យាហិរញ្ញវត្ថុ។
ការស្នើរបស់លោក ស៊ូ សុជាតិ ធ្វើឡើងក្នុងឱកាស អញ្ជើញជាតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ( អ.ស.ហ) បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
លោកបានលើកឡើងថា ដើម្បីរួមវិភាគទានដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ការរៀបចំផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ អ.ស.ហ គឺជាអាទិភាពមួយ នៃវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃការចាប់យកឌីជីថល ឆ្ពោះទៅការកសាងមូលដ្ឋាននៃការធ្វើបរិវត្តកម្មឌីជីថល។
លោកបានបន្តថា ការរៀបចំសិក្ខាសាលានេះ នឹងរួមចំណែកដល់ការផ្សព្វផ្សាយ និងការយល់ដឹងអំពី ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ អ.ស.ហ. ដែលជាថ្នាលអភិវឌ្ឍន៍ និងនវានុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុដំបូងនៅកម្ពុជា ក៏ដូចជាការធ្វើពិពិធកម្មធនធាន និងការធ្វើវិសិដ្ឋកម្មផតថល ដែលបានរៀបចំនេះ។
ក្នុងន័យនេះ ដើម្បីចាប់យកកាលានុវត្តភាព និងចូលរួមសហការធ្វើសុវុឌ្ឍិកម្មផតថលនេះ អនុលោមតាមចំណារឯកភាពរបស់ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. លោកបានស្នើឡើងនូវការងារ ដែលត្រូវយកចិត្តទុកដាក់ជាអាទិភាពចំនួន៤ ដូចខាងក្រោម៖
ទី១៖ ចូលរួមប្រើប្រាស់ និងជំរុញការប្រើប្រាស់ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ អ.ស.ហ. ឱ្យ អស់លទ្ធភាព ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីផតថលនេះ។
ទី២៖ ផ្តល់ធាតុចូល និងចែករំលែកពីបញ្ហាប្រឈម និងតម្រូវការនានា ជាគុណប្រយោជន៍ សម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ដែល ជាសេនាធិការសម្រាប់ការរៀបចំផតថលនេះ ក្នុងការអភិវឌ្ឍមុខងារបន្ថែមសម្រាប់ ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។
ទី៣៖ និយ័តករក្រោមឱវាទ អ.ស.ហ. ត្រូវផ្ដល់កិច្ចសហការ និងកិច្ចសហប្រតិបត្តិការក្នុង ការផ្តល់ទិន្នន័យ, ឯកសារ និងមាតិកា ដែលមិនមានវេទយិតភាពខ្ពស់ក្នុងអនុវិស័យរបស់ខ្លួន ដើម្បីធ្វើពិពិធកម្មធនធានលើផតថលនេះ ឱ្យកាន់តែសម្បូរបែបនិងគ្រប់ ជ្រុងជ្រោយ ជាឧត្តមប្រយោជន៍ដល់ស្ថាប័នទាំងមូល ក៏ដូចជាសាធារណជន ក្នុងការចូលរួមអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។
ទី៤៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ត្រូវបន្តសិក្សា សមិទ្ធិលទ្ធភាពក្នុងការធ្វើសន្ធានកម្មផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុនេះជាមួយនឹង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ជាពិសេសរបស់និយ័តករក្រោមឱវាទ អ.ស.ហ. ដោយប្រើប្រាស់សន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ (APIs) ដើម្បីផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នកម្ម ទិន្នន័យជាប្រចាំភ្លាមៗ សំដៅបង្កើននូវសហថាមពល និងលើកកម្ពស់សហនវានុវត្តន៍៕