(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ហាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ តបតាមការអញ្ជើញ របស់នាយឧត្ដមសេនីយ៍ ហ្វាន វ៉ន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ការពារជាតិ អន្តរជាតិវៀតណាមឆ្នាំ២០២៤ និងចូលរួមអបអរសាទរក្នុងឱកាស ខួបអនុស្សាវរីយ៍ថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាម លើកទី៨០ (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ២០២៤) នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងឱកាសនៃការចូលរួមកម្មវិធីដ៏មានសារៈសំខាន់ខាងលើឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏គ្រោងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រសួងការពារប្រទេសវៀតណាម។
ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ក៏នឹងជួបពិភាក្សាការងារជាមួយបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីបណ្តា ប្រទេសមួយចំនួនទៀត ដែលនឹងអញ្ជើញចូលរួមកម្មវិធីទាំងពីរខាងលើ ក្នុងន័យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ការពារជាតិទ្វេភាគីបន្ថែមទៀត។
ដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងបញ្ជាក់ជាថ្មីម្តងទៀត នូវចំណងមិត្តភាព សាមគ្គីភាព ដ៏យូរអង្វែង និងការប្ដេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពប្រជាជនវៀតណាម សំដៅបង្កើន និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងគ្នា និងគ្នាឲ្យកាន់តែស៊ី ជម្រៅរឹងមាំបន្ថែមទៀត ស្របគ្នានេះដែរក៏ចូលរួមការពារថែរក្សានូវសន្តិសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាបន្ន សម្រាប់តំបន់ និងសកលលោកទាំងមូល៕