(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅវិមាន ៧មករា។

ក្នុងពិធីបើកអង្គសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល អគ្គលេធិការ អគ្គលេខាធិការរង គណៈចលនាមហាជន តំណាងគណៈជំនាញ នៃគណៈកម្មាធិការកណ្តាល ព្រមទាំងសមាជិក សមាជិកានៃរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ប្រមាណ២,០០០នាក់។

ថ្លែងក្នុងពិធីបើកសន្និបាតនាឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងនូវបណ្តាសមិទ្ធផលសម្រេចបានរបស់គណៈចលនាមហាជនទូទាំងប្រទេស និងគណៈចលនានានា ដែលបានរួមគ្នាសម្រេចកិច្ចការធំៗ គួរឲ្យកត់សម្គាល់លើការងារយុវជន ការងារស្រ្តី ការងារសហជីព និងការងារចលនាអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ រួមមាន ការពង្រឹង និងពង្រីករចនាសម្ព័ន្ធ ព្រមទាំងក្តាប់បានសភាពការណ៍នយោបាយ ការគ្រប់គ្រងសតិអារម្មណ៍មហាជន ការផ្សព្វផ្សាយ ការងារអប់រំ បណ្តុះបណ្តាល ការងារបោះឆ្នោត ព្រមទាំងការងារសង្គម និងមនុស្សធម៌ដែលផ្សាភ្ជាប់យ៉ាងស្អិតរមួត ជាមួយការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំងមហាជន។

ក្រោយបានស្តាប់នូវលទ្ធផលការងាររបស់គណៈចលនាមហាជន សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈចលនាមហាជន ក្នុងការអនុវត្តការងារកន្លងទៅប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់។

សម្តេចវិបុលសេនាភក្ដី សាយ ឈុំ បានបន្តថា តាមរយៈការរួមចំណែកដ៏សំខាន់របស់គណៈចលនាគណចលនាមហាជន ក្នុងការនាំមកនូវជ័យជំនះជូនគណបក្ស គណៈចលនាមហាជនបាននិងកំពុង ដើរតួនាទីយ៉ាងសំខាន់ ជាសេនាធិការជូនគណៈកម្មាធិការគណបក្សគ្រប់កម្រិត ក្នុងការគ្រប់គ្រងសមរភូមិសតិអារម្មណ៍សាធារណៈ ដែលជាកម្លាំងនយោបាយមិនអាចខ្វះបានក្នុងការធានាជ័យជម្នះ របស់គណបក្សក្នុងគ្រប់ការបោះឆ្នោត ជាពិសេសការប្រមូលផ្តុំកម្លាំងគណបក្សក្នុងចំណោមមហាជនទូទៅផងដែរ។

សូមជម្រាបថា គោលបំណងសំខាន់នៃសន្និបាតនាព្រឹកនេះ គឺដើម្បីបូកសរុបលទ្ធផលការងារក្នុងរយៈពេល១ឆ្នាំកន្លងទៅ ក្នុងតួនាទីជាស្ថាប័នជំនួយការឲ្យគណៈកម្មាធិការកណ្តាល លើការងារដឹកនាំ តម្រង់ទិស និងសម្របសម្រួលការងារចលនាមហាជនរបស់គណបក្ស ក្នុងស្រទាប់មហាជន រួមមាន យុវជន ស្ត្រី កម្មករនិយោជិត និងអង្គការសង្គមនានា សំដៅរៀបចំទិសដៅការងារបន្ត ដែលឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់មហាជន ស្របតាមបរិបទនៃការវិវឌ្ឍថ្មីៗរបស់សង្គម៕