(កំពង់ឆ្នាំង)៖ លោក អ៊ូអិណុ អាត់ស៊ូស៉ិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ថ្មីៗនេះ បានធ្វើដំណើរទស្សនកិច្ចចុះពិនិត្យសំណង់ក្បាលហុងទឹកលំហាច នៅខេត្តកំពង់ឆ្នាំង។ គម្រោងសំណង់ធារាសាស្រ្តស្ទាក់ទឹកលំហាច មានទីតាំងស្ថិតក្នុងឃុំអញ្ជាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ សំណង់ធារាសាស្រ្តស្ទាក់ទឹកលំហាច ជាគម្រោង១ ក្នុងចំណោមអនុគម្រោងទាំង៦ នៃគម្រោងកែលំអរ និងស្ដារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគខាងលិចបឹងទន្លេសាប ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន។
តាមរយៈវីដេអូ លោក Sanui ប្រធានតំណាងការិយាល័យ JICA ប្រចាំកម្ពុជា បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ប្រព័ន្ធធារាសាស្ត្រត្រូវបានសាងសង់ និងស្តារឡើងវិញ នៅក្នុងអនុគម្រោងចំនួន៦ ក្នុងខេត្តចំនួន៣ គឺខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ផ្ទៃដីស្រោចស្រពប្រមាណ ៧៦០ហិកតា ត្រូវបានពង្រីកដល់ប្រមាណ ១៣,០០០ហិកតា ហើយផលិតភាពកសិកម្មត្រូវបានកែលម្អ។
សម្រាប់ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា គម្រោងនេះមិនគ្រាន់តែផ្តោតលើប្រព័ន្ធធារាសាស្ត្រប៉ុណ្ណោះទេ វាជាការធានានូវការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ៕
សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖