(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានជូនដំណឹងថា ការជួសជុលចេតិយរបស់លោក ហ្សង់ អ៊ែលដឺរេម៉ុង ស្នងការចុងក្រោយនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា បានបញ្ចប់ហើយ។

ក្នុងការជូនដំណឹងនេះ បានបញ្ជាក់ថា អគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួសជុល និងអភិរក្សទម្រង់ដើមនៃចេតិយលោក ហ្សង់ អ៊ែលដឺរេម៉ុង ស្នងការចុងក្រោយនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា ពោលគឺមុនសម័យកាលដែលប្រទេសកម្ពុជាទទួលឯករាជ្យ។

ចេតិយនេះ សាងសង់ឡើងនៅឆ្នាំ១៩៥១ ក្នុងបរិវេណនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឧទ្ទិសជូនលោក ហ្សង់ អ៊ែលដឺរេម៉ុង។ ការងារអភិរក្ស និងជួសជុលនេះ បានចាប់ផ្តើមកាលពីខែកក្កដា ឆ្នាំ២០២៤ ហើយបានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ការងារនេះ ជាទម្រង់មួយ នៃកិច្ចការអភិរក្សចេតិយនាសតវត្សរ៍ទី២០ ដែលបានកសាងឡើងក្នុងសម័យអាណាព្យាបាលបារាំង។

កិច្ចសហការលើការងារអភិរក្សនេះ គឺជាគម្រូមួយនៃកិច្ចសហការអន្តរក្រសួង និងស្ថាប័ន លើវិស័យសេដ្ឋកិច្ចនិងវប្បធម៌ ដែលកើតឡើងក្នុងបរិយាកាសនៃកិច្ចប្រឹងប្រែងធ្វើឲ្យបេតិកភណ្ឌអាចរក្សាបានយូរអង្វែង៕