(រតនគិរី)៖ បន្ទាប់ពីផ្ទុះព័ត៌មានមិនប្រក្រតីនៅតាមបណ្តាញសង្គម និងខ្លះថាមានជនជាតិវៀតណាមជាច្រើននាក់ និងគ្រឿងចក្រច្រើនគ្រឿង ចូលជីករ៉ែមាស នៅភូមិសាស្ត្រស្រុកតាវែងតំបន់កន្ទុយនាគរួចមក, ក្រុមការងារក្រសួងរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរខេត្តរតនគិរី បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះត្រួតពិនិត្យជាក់ស្តែងនៅក្នុងភូមិសាស្ត្រខាងលើ។

សូមបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រស្រុកតាវែង (កន្ទុយនាគ) ខេត្តរតនគិរី មានក្រុមហ៊ុនមួយមានអាជ្ញាបណ្ណស្វែងរុករក (រ៉ែលោហៈ) ហើយកន្លងទៅក្នុងភូមិសាស្ត្រខាងលើ សមត្ថកិច្ចបានចាប់ជនជាតិវៀតណាមច្រើននាក់ និងគ្រឿងចក្រច្រើនគ្រឿងដែលលួចសម្ងំជីករ៉ែមាសផងដែរ។

រហូតដល់ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តរតនគិរី បានទាក់ទងទៅលោក អ៊ុង ហួរ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី អំពីលទ្ធផលកិច្ចប្រតិបត្តិការទ្រង់ទ្រាយធំខាងលើ តែមិនទាន់មានការបញ្ជាក់នោះទេ។

ចំណែកលោក ស៊ូ សិរី អ្នកនាំពាក្យសាលាខេត្តរតនគិរី បានប្រាប់យ៉ាងខ្លីថា លោកមិនទាន់បានទទួលព័ត៌មានខាងលើនេះនៅឡើយទេ៕