(សៀមរាប)៖ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធាន សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ នាថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូ​នលើសទម្ងន់កម្រិតកំណត់នៅ ០២ទីតាំងផ្សេងគ្នានៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប។

នៅក្នុងប្រតិបត្តិការនេះទទួលបានលទ្ធផលដូចជាទី១៖ ផ្លូវជាតិលេខ៧ ចំណុចគ.ម លេខ១៩៦+៣០០ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រួតពិនិត្យយានយន្តចំនួន ១គ្រឿង មានបំពាក់ឡូហ្គោ TS ផ្ទុកទម្ងន់សរុប ៦៨តោន គិតជាភាគរយគឺលើសចំនួន ៥១% នៃច្បាប់អនុញ្ញាត។ ទី២៖ ផ្លូវជាតិលេខ៦៨ ស្រុកស្រីស្នំ ខេត្តសៀមរាប បានត្រួតពិនិត្យយានយន្តចំនួន ១០គ្រឿង ផ្ទុកទម្ងន់សរុបចន្លោះពី ៣៤តោន ដល់ ៤៦តោន គិតជាភាគរយគឺលើសចន្លោះពី ៣៦%ដល់ ៨៤% នៃច្បាប់អនុញ្ញាត ។

សរុបលទ្ធផលនៅក្នុងយុទ្ធនាការត្រួតពិនិត្យយានយន្តទាំង ០២ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ១១គ្រឿងលើសទម្ងន់ទាំងអស់ ផ្ទុកទម្ងន់សរុបចន្លោះពី ៣៤តោន ដល់ ៦៨តោន គិតជាភាគរយគឺលើសចន្លោះពី ៣៦% ដល់ ៨៤% នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ០១ឆ្នាំ ចំនួន ០១គ្រឿង ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ ឡូហ្គោផ្សេងៗ​បិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ ដែលនាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ ។

ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់ប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារផ្លូវថ្នល់មិនឱ្យមានការខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍​ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នករួមដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។ ក្រសួង នឹងបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់​កម្រិតកំណត់​នៅទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕