(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញអបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៤ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធនសហគមន៍ក្នុងសន្តិភាព»។ ពិធីនេះធ្វើឡើងរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដែលមានអ្នកស្ម័គ្រចិត្តចំនួន២៧៦នាក់ មកពីក្រុងស្រុកទាំង៥ នៅសាលាដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

តាមរយៈសារដ៏មានន័យរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៤ គឺបានសម្តែងនូវកត្តញ្ញូតាធម៌ ទទួលស្គាល់ស្នាដៃ និងគុណតម្លៃ នៃការលះបង់កម្លាំងកាយចិត្ត ពេលវេលារបស់អ្នកស្ម័គ្រចិត្តរាប់លាននាក់ទូទាំងសាកលលោក ដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះអាយុជីវិត ការកសាងភាពធន់សហគមន៍ ការពង្រឹងកម្លាំងសកម្មនៅមូលដ្ឋាន និងក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដើម្បីបុព្វហេតុមនុស្សធម៌នៅគ្រប់ទីកន្លែង។

លោក ម៉ាង ស៊ីណេត បានបន្តថា ក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៤ សូមគណៈកិត្តិយស និងគណៈកម្មាធិការសាខា អនុសាខាបន្តដឹកនាំមន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្ត បន្តរួមកម្លាំងសាមគ្គីភាពពង្រឹងភាពធន់សហគមន៍ និងត្រូវសកម្មទ្វេដងក្នុងការការពារមនុស្សជាតិ។ ជាមួយគ្នានេះ សូមគណៈកម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិគ្រប់លំដាប់ ថ្នាក់ ត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់ចំពោះមុខដូចតទៅ៖

*ទី១៖ សូមយកចិត្តទុកដាក់ក្នុងការពង្រឹងកម្លាំងស្ម័គ្រចិត្តនៅតាមសហគមន៍មូលដ្ឋាន តាមរយៈការលើកទឹកចិត្ត និងបណ្តុះបណ្តាលជំនាញ ឆ្លើយតបតម្រូវការថ្មីនៃភាពធន់សហគមន៍

*ទី២៖ សូមផ្តល់ការជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗយុវជនដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេងក្នុងការសិក្សារៀនសូត្រមុខជំនាញឱ្យបានច្បាស់លាស់ ក្នុងការចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិពង្រីកចំណេះដឹង ដោយសិក្សាបន្ថែមនូវបច្ចេកវិទ្យាព័ត៌មានឌីជីថល និងភាសាបរទេសឱ្យស្របតាមតម្រូវការងារទីផ្សារក្នុងប្រទេស និងសកលលោក ព្រោះ យើងទាំងអស់គ្នាត្រូវចងចាំថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន

*ទី៣៖ ត្រូវបន្តរួមគ្នាបណ្តុះឧត្តមគតិ និងស្មារតីឯកភាពជាតិ ស្រឡាញ់វប្បធម៌សន្តិភាព មានមនសិការ និងឆន្ទៈក្នុងការការ ពារបុព្វហេតុដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលស្របច្បាប់ និងរួមគ្នាប្រឆាំងឱ្យបានជាដាច់ខាតនូវព័ត៌ មានក្លែងក្លាយបំពុលសង្គម ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា

*ទី៤៖ សូមបន្តពង្រឹង និងពង្រីកនូវវប្បធម៌ចែករំលែកពង្រឹងសកម្មភាពមិត្តអប់រំមិត្ត និងមិត្តជួយមិត្ត ចេះជួយសិស្ស និស្សិត យុវជនកាកបាទក្រហមកម្ពុជាដែលមានជីវភាពខ្វះខាត

*ទី៥៖ បន្តអនុវត្តនូវគោលនយោបាយយុវជន គោលនយោបាយអ្នកស្ម័គ្រចិត្ត និងសេចក្តីណែនាំនានារបស់កាកបាទក្រហមកម្ពុជា ឱ្យបានប្រកបដោយប្រសិទ្ធភាព

*ទី៦៖ បន្តលើកជ្រោងកម្លាំងសាមគ្គីភាពដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការជាតិ អន្តរជាតិលើគ្រប់វិស័យ ជាពិសេសក្នុងការលើកកម្ពស់ការពង្រឹងអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ «ការពារមនុស្សជាតិ»។

ក្នុងឱកាសនោះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ ក៏បានឧបត្ថម្ភសម្ភារជូនអ្នកស្ម័គ្រចិត្តកាកបាទក្រហម ចំនួន ២៧៦នាក់ ក្នុងម្នាក់ ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ឃីត១កញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១) និងថវិកា ៥ម៉ឺនរៀល៕