(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ផែនការរៀបចំខេត្តព្រះសីហនុឱ្យក្លាយជា «ទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិ» ចក្ខុវិស័យឆ្នាំ២០៣៨ ដើម្បីជម្រុញការលើកកម្ពស់សេដ្ឋកិច្ចក្នុងខេត្តនេះ។

ការថ្លែងបែបនេះរបស់លោកអភិបាល បានធ្វើឡើងនាឱកាសដែលលោក អញ្ជើញចូលរួម «វេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ» និងមានការអញ្ជើញចូលរួមពី លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ព្រមជាមួយវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត ដែលរៀបចំឡើងនៅសណ្ឋារគារសុខា ខេត្តព្រះសីហនុ។

លោក ម៉ាង ស៊ីណេត បានថ្លែងថា វេទិកាវិនិយោគនៅខេត្តព្រះសីហនុនាពេលនេះ នឹងដើរតួជាវេទិកាសម្រាប់ការសន្ទនា និងការផ្លាស់ប្តូរចំណេះដឹង ដែលអនុញ្ញាតឱ្យវិនិយោគិនបង្ហាញពីគុណសម្បត្តិ និងអត្ថប្រយោជន៍ពិសេសនៃការវិនិយោគក្នុងខេត្ត រួមគ្នាស្វែងរកវិធីសាស្រ្តថ្មីៗដើម្បីដោះស្រាយបញ្ហាប្រឈមនានាកំពុងជួបប្រទះ និងចាប់យកឱកាសល្អថ្មីៗបន្ថែមទៀត។

អភិបាលខេត្តព្រះសីហនុរូបនេះ បានមានប្រសាសន៍បន្តថា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពដែលរកបានដោយលំបាក រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ ប៉ិនប្រសប់ និងការបេ្តជ្ញាចិត្តយ៉ាងមោះមុតបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជ្រោងទង់រក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឺះឆ្ពោះទៅសម្រេចឱ្យបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយប្រសិទ្ធភាព ភាពប្រកួតប្រជែងបើកចំហ បរិយាបន្ន និងចីរភាព ដោយរដ្ឋប្រកាន់យកតួនាទីជាយុទ្ធសាស្ត្រវិទូ អ្នកដឹកនាំ និងអ្នកគ្រប់គ្រងការអភិវឌ្ឍ ជាអ្នកការពារកម្មសិទ្ធិ និងទ្រព្យសម្បត្តិឯកជន និងជាអ្នកគាំទ្រ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន។

នៅក្នុងការដឹកនាំ និងការគ្រប់គ្រងការអភិវឌ្ឍរដ្ឋប្រកាន់យកនូវការបើកចំហឆ្ពោះទៅខាងក្រៅ ដោយពង្រឹង និងពង្រីកក្របខ័ណ្ឌពាណិជ្ជកម្មសេរី ទាំងទ្វេរភាគី និងពហុភាគី ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល និងការបង្កើនភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣៨ គឺរៀបចំនិងអភិវឌ្ឍ «ខេត្តព្រះសីហនុជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាបន្ន» តាមរយៈការអភិវឌ្ឍ៖ទីក្រុងទំនើបបៃតងប្រកបដោយភាពច្នៃប្រឌិតរស់រវើក និងបរិស្ថានរស់នៅល្អប្រសើរបំផុត, តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង, មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ និងកោះដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅលម្ហែកាយ និងការសំរាកកម្សាន្តរួមទាំងជាមជ្ឈមណ្ឌល គាំទ្រឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ច្រកចេញចូលអន្តរជាតិ និងភស្តុភាកម្មជាតិដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក ទីក្រុងគំរូក្នុងការគ្រប់គ្រងនិងអភិបាលកិច្ចល្អប្រកបដោយសេវាទីក្រុង ហេដ្ឋារចនាសម្ព័ន្ធទីក្រុង បរិក្ខារទីក្រុង និងផ្តល់ការងារសម្បូរបែប»៕