(កណ្តាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចបានណែនាំឱ្យសាងសង់ស្ពានតភ្ជាប់ពីក្រុងរណបមេគង្គឃី Mekong Quay City) ស្ថិតនៅក្រុងអរិយក្សត្រ ភ្ជាប់ទៅកោះនរា ហើយចង់ឱ្យសិក្សាពីលទ្ធភាពទាំងស្ពានលើទឹក និងក្រោមទឹក។ ដោយឡែកបច្ចុប្បន្ននេះកម្ពុជាមានស្ពានធំៗឆ្លងកាត់ទន្លេ និងដៃសមុទ្រជាច្រើនកន្លែង ដែលបានស្ថាបនារួច និងដាក់ឱ្យប្រើប្រាស់ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗ។
ក្រោយទទួលបានសន្តិភាពពេញ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្ដទុកដាក់លើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័នជាច្រើនដូចជា៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពាន ឆ្លងទន្លេ ស្ពានអាកាស និងកំពង់ផែជាដើមដើម្បីធ្វើយ៉ាងណាឱ្យការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាជនមានភាពងាយស្រួល។
ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ទីក្រុងរណបមេគង្គឃី ក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្តាល ព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំទីក្រុងទំនើប គឺត្រូវការតភ្ជាប់សសៃឈាមធ្វើដំណើរឱ្យបានច្រើន គឺតភ្ជាប់ផ្លូវ ស្ពានលើទឹក និងក្រោមទឹក ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ និងសេដ្ឋកិច្ច។ ដូច្នេះ ក្រោយពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ សាងសង់រួចហើយ សកម្មភាពសេដ្ឋកិច្ចនៅត្រើយខាងកើតទន្លេមេគង្គ ក៏កាន់តែកើនឡើងផងដែរ ជាពិសេសស្ពាននេះអាចជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើរ ហើយហេដ្ឋារចនាសម្ព័ន្ធនានានឹងតភ្ជាប់ចេញពីក្រុងអិយក្សត្រ ទៅផ្លូវជាតិលេខ៨ ដោយមិនចាំបាច់ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពានព្រែកតាមាក់នោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ហើយខ្ញុំអម្បាញមិញនេះឃើញមានការសិក្សានៃការតភ្ជាប់ពីខាងកោះនរា ទៅខាងរាជធានីភ្នំពេញបន្ថែម ហើយខ្ញុំបានឱ្យវិស័យឯកជនសិក្សាមើលតភ្ជាប់រវាងក្រុងរណបថ្មី នៅអរិយក្សត្រ ភ្ជាប់ទៅកោះនរា សិក្សាពីជម្រើសទាំងស្ពាននៅខាងលើទឹក ទាំងផ្លូវក្រោមទឹក»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការឱ្យសិក្សាតភ្ជាប់ស្ពានទាំងលើផ្ទៃទឹក និងផ្លូវក្រោមទឹកចេញពីទីក្រុងរណបមេគង្គឃី ស្ថិតក្នុងក្រុងអរិយក្សត្រ គឺដើម្បីធ្វើយ៉ាងណាភ្ជាប់បើកច្រកប្រជាពលរដ្ឋរស់នៅទីក្រុងរណបមេគង្គឃី ថ្ងៃក្រោយអាចធ្វើដំណើរឆ្លងកាត់ទៅផ្លូវជាតិលេខ១ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរវាងទៅតាមផ្លូវណាឆ្ងាយជាដើម ឬមួយឡើងពីកោះនរា ទៅកាន់ទីក្រុងកោះពេជ្រ ក៏កាន់តែល្អដែលជួួសម្រួលក្នុងការធ្វើដំណើរចេញ ចូលរបស់ប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រសិនបើមានផ្លូវក្រោមទឹក គឺកាន់តែល្អហើយនឹងសង្ឃឹមថាថ្ងៃអនាគតផ្លូវក្រោមទឹកនេះនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ ការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ គឺដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺមិនត្រឹមតែជួយសម្រួលដល់ក្នុងការធ្វើដំណើរប៉ុណ្ណោះទេ តែថែមទាំងបានធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន តាមរយៈការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយផ្សេងទៀត។ ជាមួយគ្នានេះដែរ ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវគិតពីការធ្វើចរាចរណ៍ និងសសៃឈាមនៃស្ពាន ផ្លូវសម្រាប់ការធ្វើដំណើរ។
ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញជំនឿជឿជាក់ថាសក្តានុពលនៃការតភ្ជាប់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនានានឹងនាំមកនូវការរីកចម្រើននៅផ្នែកខាងកើតទន្លេមេគង្គ ពោលគឺមិនមែនតែក្រុងអរិយក្សក្រនោះទេតែនឹងរុញការរីកចម្រើនរហូតដល់ផ្លូវជាតិលេខ៨ ក្លាយជាតំបន់ឧស្សាហកម្ម និងមានលក្ខណៈទំនើបដូចតំបន់ទិសខាងលិចផងដែរ ហើយទៅអនាគត តំបន់នេះនឹងប្រែក្លាយពីតំបន់វាលស្មៅដុះ ទៅជាតំបន់សេដ្ឋកិច្ចដុះកាន់រីកចម្រើននាទិសខាងកើតនៃដងទន្លេ៕