(កណ្តាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងកោតសរសើរចំពោះការគិតគូររបស់ក្រុមហ៊ុនសាងសង់គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី» ស្ថិតក្នុងក្រុងអរិយក្សត្រ ដែលបានគិតគូរ​ពីការទុកផ្ទៃដី​សម្រាប់សាងសង់​ហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ប្រយោជន៍សាធារណៈ, សម្តេចបញ្ជាក់ថា ការអភិវឌ្ឍក្រុងរណបនៅក្រុងអរិយក្សត្រ មិនមែនដើម្បីតែវិស័យឯកជននោះឡើយ តែដើម្បីប្រជាពលរដ្ឋរស់នៅ​អរិយក្សត្រផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី (Mekong Quay City)» ដែលគម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី» ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេ​មេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។ គម្រោងនេះជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group។

ពាក់ព័ន្ធនឹងការសាងសង់គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំឃើញរបាយការណ៍របស់តំណាងក្រុមហ៊ុន ក្នុងដី ២១០ហិកតានេះ គឺបានទុក ១/៣ សម្រាប់ធ្វើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលនេះគឺជាការគិតគូរដ៏ត្រឹមត្រូវ ព្រោះប្រជាពលរដ្ឋត្រូវការកន្លែងរស់នៅមិនមែនត្រឹមតែមានអគារ មានកន្លែងស្នាក់នៅធម្មតានោះទេ បរិស្ថានជុំវិញខ្លួនក៏ជាការគិតគូរដែរ​ដូចនេះការគិតគូរ​កន្លែងសាធារណៈ សួនសាធារណៈ កន្លែងដំណើរកម្សាន្ត កន្លែងកីឡា គឺជាអ្វីដែលជាការយកចិត្តទុកដាក់នឹងភាពទាក់ទាញក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ហើយខ្ញុំសូមអរគុណ​ចំពោះការគិតគូរបែបនេះ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដីកាន់តែឡើងថ្លៃហើយការរក្សាទុកដីសាធារណៈគឺមានការចាំបាច់ ក្នុងនោះបើយើងគិតជាតម្លៃនៃលុយក្នុងការរក្សាទុកដីសាធារណៈនេះគឺអស់ច្រើន តែបើយើងគិតជាតម្លៃសេដ្ឋកិច្ច និងផលនៃកន្លែងវិនិយោគ គឺបានផ្តល់ផលច្រើនសម្រាប់កន្លែងវិនិយោគ។ យើងចាំបាច់ត្រូវធ្វើយ៉ាងណារក្សាកន្លែងនៅតំបន់ទីក្រុងថ្មីនេះ ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវតភ្ជាប់ និងផ្លូវក្នុងក្រុងត្រូវរៀបចំឱ្យបានល្អ និងបានស្នើឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រុមហ៊ុន ដើម្បីរៀបចំតែម្តង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យមានការគិតគូរក្នុងសាងសង់គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី» ត្រូវរៀបចំចែកឱ្យដាច់សម្រាប់តំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់រៀបចំពិរណ៍ផ្សេងៗ ហើយត្រូវរៀបចំផ្លូវឱ្យបានសមរម្យ ក្នុងនោះផ្លូវសម្រាប់រថយន្តក្រុង ក៏ត្រូវគិតគូរឱ្យបានរួចរាល់ជាមុនផងដែរ ដើម្បីសម្រួលចររាចរណ៍ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា នៅក្នុងគម្រោងសាងសង់ «ទីក្រុងមេគង្គឃី» រួមមាន មន្ទីពេទ្យ សាសារៀន មណ្ឌលសុខភាព ដែលជាកិច្ចការសំខាន់សម្រាប់ប្រជាពលរដ្ឋ ហើយដែលចាំបាច់គឺត្រូវតែមាន ក្នុងនោះក៏មានអគារលំនៅដ្ឋាន និងផ្ទះដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋផងដែរ ដែលបានផ្តល់ឱកាសសម្រាប់អ្នកដែលមានជីវភាពមធ្យមអាចរស់នៅបានផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី» មិនមែនត្រឹមតែធ្វើបុរី បង្កើតអគារនឹងហេដ្ឋារចនាសម្ព័ន្ធរឹងនោះទេ ប៉ុន្តែនេះវាបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធទន់ និងអត្ថប្រយោជន៍ដល់ជីវភាពរបស់ប្រជាពលរដ្ឋ នឹងបានប្រែក្លាយពីដីដែលដុះស្មៅចោល ទៅជាកន្លែងដែលមានផ្លូវបេតុង អគារខ្ពស់ៗ សួនសាធារណៈ មជ្ឈមណ្ឌលសុខភាព និងកន្លែងទៅលំនៅរបស់ប្រជាពលរដ្ឋ និងជាកន្លែងដែលជួយជំរុញមុខមាត់របស់រាជធានីភ្នំពេញផងដែរ៕