(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិននឿយណាយ​ក្នុងការនិយាយរំឭក​ពីគុណតម្លៃសន្តិភាព និងគុណវិបត្តិនៃសង្គ្រាមទៅកាន់ប្រជាពលរដ្ឋក្នុងប្រទេស និងមជ្ឈដ្ឋានអន្តរជាតិ​នោះឡើយ ព្រោះសន្តិភាពផុយស្រួយណាស់ ដូច្នេះត្រូវតែនិយាយរំឭកឱ្យបានជាប្រចាំ ដើម្បីរួមគ្នាចងចាំនិងការពារសន្តិភាពឱ្យបានយូរអង្វែង។

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់​គម្រោងអភិវឌ្ឍន៍ទីក្រុងមេគង្គឃី (Mekong Quay City) នៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

នាឱកាសនោះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចមិននឿយណាយ​ក្នុងការនិយាយរំឭកពី​គុណតម្លៃសន្តិភាព និងគុណវិបត្តិនៃសង្គ្រាមទៅកាន់ប្រជាពលរដ្ឋនោះឡើយ ព្រោះសន្តិភាពផុយស្រួយណាស់ ដូច្នេះត្រូវតែនិយាយរំឭកឱ្យបានជាប្រចាំ ដើម្បីរួមគ្នាចងចាំនិងការពារសន្តិភាពឱ្យបានយូរអង្វែង។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «អ្នកខ្លះគេថា៖ ហេ!! ហ៊ុន ម៉ាណែត គណបក្សប្រជាជន ឱ្យតែឡើងវេទិកា និយាយពីរឿងសន្តិភាព និយាយអត់ធុញ។ ត្រូវហើយ! អត់ធុញទេ និយាយរំឭកហើយរំឭកទៀត ព្រោះវាផុយស្រួយណាស់ យើងត្រូវរួមគ្នាចងចាំវា»

សម្ដេចបវរធិបតីបានបន្តថា យើងត្រូវរួមគ្នាថែរក្សាសន្តិភាព​នេះឱ្យបានយូរអង្វែង កុំឱ្យដូចគេថា «ស្រុកខ្មែរមិនបានមួយចម្អិតកំពិស» ដែលប្រយោគនេះគឺចង់បានន័យថា «កម្ពុជាមិនបានសេចក្ដីសុខយូរទេ»។ សម្ដេចបន្តទៀតថា ក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំរបស់កម្ពុជា សន្តិភាពរយៈពេល២៦ឆ្នាំនេះ គឺជាសន្តិភាពរយៈពេលវែងរួចទៅហើយ តែយើងមិនចង់បានត្រឹម២៦ឆ្នាំនេះទេ ពោលគឺចង់បានសន្តិភាពជារៀងរហូត ដើម្បីបន្តនិងពង្រីកការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ប្រជាពលរដ្ឋរស់នៅមានភាពសុខសាន្ត។

សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏តែងជម្រាបទៅកាន់ថ្នាក់ដឹកនាំនិងមជ្ឈដ្ឋានអន្តរជាតិនានាថា ប្រសិនបើចង់ដឹងថា «សន្តិភាពមានគុណតម្លៃធំប៉ុនណា» សូមក្រលែកមើល «គុណវិបត្តិនៃសង្គ្រាម» នៅតាមប្រទេសមួយចំនួននៅតំបន់អឺរ៉ុប អាហ្វ្រិក អាស៉ីជាដើម ដែលប៉ុន្មានឆ្នាំមុនពុំមានបញ្ហាអ្វីឡើយ តែឥឡូវនេះក៏បានកើតនូវសង្គ្រាម ប្រជាពលរដ្ឋជួបតែក្ដីនិរាសព្រាត់ប្រាស បាត់បង់ជីវិត ប្រទេសជាតិធ្លាក់ចុះដុនដាប នាំបញ្ហាវិបត្តិដល់សកលលោកទៅទៀត។ នៅពេលមើលឃើញគុណវិបត្តិនៃសង្គ្រាមទាំងនោះហើយ ពួកគេប្រាកដជាបានយល់ពីគុណតម្លៃនៃសន្តិភាព។ ហេតុនេះហើយដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា សម្ដេចមិននឿយណាយក្នុងការនិយាយរំឭកពីគុណតម្លៃសន្តិភាពនេះឡើយ៕