(ភ្នំពេញ)៖ កម្ពុជាកំពុងជំរុញឱ្យមានអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ ជាមួយក្រុមហ៊ុន Worldbridge Group និងក្រុមហ៊ុន Trip.com Group ដើម្បីជំរុញការលក់កញ្ចប់ទស្សនកិច្ចគោលដៅទេសចរណ៍កម្ពុជានៅក្នុងទីផ្សារចិន និងទីផ្សារអន្តរជាតិផ្សេងទៀត ខណៈភ្ញៀវទេសចរដែលធ្វើដំណើរជាមួយ Trip.com Group សុទ្ធតែភ្ញៀវដែលមានគុណភាព ស្នាក់នៅយូរៗ និងចំណាយច្រើន។
ការណ៍នេះបញ្ជាក់ឱ្យដឹងក្នុងជំនួបពិភាក្សារវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group និងសហការី នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។
នាឱកាសនោះ អ្នកឧកញ៉ា សៀ ឫទ្ធី បានជម្រាបជូនលោករដ្ឋមន្ត្រីអំពីភាពជាដៃគូជាមួយក្រុមហ៊ុន Trip.com Group ជាពិសេសអំពីគម្រោងស្នើសុំចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងទេសចរណ៍ ក្រុមហ៊ុន Worldbridge Group និង Trip.com Group ដើម្បីជំរុញការលក់កញ្ចប់ទស្សនកិច្ចគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
លោករដ្ឋមន្ត្រីបានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការលើកស្ទួយវិស័យទេសចរណ៍កម្ពុជាពីសំណាក់ក្រុមហ៊ុន Worldbridge Group ដែលជាក្រុមហ៊ុនដ៏ធំនៅកម្ពុជា និងក្រុមហ៊ុន Trip.com ដែលជាក្រុមហ៊ុនឈានមុនលើពិភពលោក។ លោកថា ប្រសិនបើអនុស្សរណៈនៃការយោគយល់ត្រូវបានសម្រេចបានមែន នោះកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នឹងត្រូវពង្រីកឱ្យកាន់តែទូលំទូលាយ ហើយក៏នឹងបង្កើនការទាក់ទាញកំណើនភ្ញៀវទេសចរអន្តរដែលប្រកបដោយគុណភាពមកកាន់កម្ពុជាបន្ថែមទៀតដែរ។
បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា សៀ ឫទ្ធី ភ្ញៀវទេសចរអន្តរជាតិដែលមកតាមរយៈ Trip.com Group សុទ្ធតែជាភ្ញៀវទេសចរដែលប្រកបដោយគុណភាព ដោយក្រុមហ៊ុនមានការរៀបចំឱ្យមានការទស្សនានិងស្នាក់នៅយូរៗ ចំណាយច្រើនៗ ពិសេសក្រៅពីភ្ញៀវទេសចរ ក៏អាចមានវិនិយោគិន ធុរជនផងដែរ។ អ្នកឧកញ៉ា សៀ ឫទ្ធី បន្តថា ប្រសិនបើកម្ពុជាចាប់ដៃគូជាមួយ Trip.com Group បានកាន់តែទូលាយ នោះនឹងកៀរគរផលចំណេញច្រើនដល់វិស័យទេសចរណ៍ វិស័យវិនិយោគ ក៏ដូចជាវិស័យសេដ្ឋកិច្ចជាតិកម្ពុជាផងដែរ។
គួរជម្រាបថា Trip.com គឺជាគេហទំព័រធ្វើដំណើរមួយឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ទស្សនកិច្ច និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយសម្រាប់ការធ្វើដំណើរជុំវិញពិភពលោក៕