(ព្រះសីហនុ)៖ ក្រោយពីទទួលបានការរាយការណ៍ថា មានករណីលួចក្របី៣ក្បាល នៅភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលារួចមក លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បើកការស្រាវជ្រាវស៊ើបអង្កេតដោយយកចិត្តទុកដាក់។
ប្រតិបត្តិការនេះដោយមានការសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានពន្លាតដែនសមត្ថកិច្ចដល់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង កម្លាំងជំនាញបានសហការជាមួយសមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង រហូតសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងដកហូតបានវត្ថុតាងមានសត្វក្របីចំនួន៣ក្បាល និងរថយន្តចំនួន៣គ្រឿង។
ចំពោះករណីនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿងនិងជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី និងស្វែងរកចាប់ខ្លួនបក្សពួកដែលនៅសេសសល់៕