(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនា​យក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​អនុញ្ញាត​ឱ្យលោក Riccardo Puliti អនុប្រធានសាជីវកម្មហិរញ្ញវត្ថុ​អន្តរជាតិ (International Financial Cooperation - IFC) នៃធនាគារពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីនាយិកា​ធនាគារ​ពិភពលោកប្រចាំកម្ពុជា និងលោក លោកស្រី ដែលជាតំណាង IFC ប្រចាំ​នៅ​ប្រទេសកម្ពុជា ប្រទេសវៀណាម និងសឹង្ហបូរីផងដែរ។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និង​សេច​ក្តី​រីករាយ ដែលបានទទួលជួបពិភាក្សាជាមួយលោក Riccardo Puliti និងសហការី ព្រមទាំងបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកប​ដោយ​គតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ​មន្ត្រីកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​នាពេល​បច្ចុប្បន្ន បានធ្វើឱ្យកម្ពុជារក្សាបានសុខសន្ដិភាព ស្ថិរភាពនយោ​បាយ ម៉ាក្រូសេដ្ឋកិច្ច និងសណ្ដាប់ធ្នាប់សង្គម ដែលជាមូលដ្ឋាន​គ្រឹះដ៏រឹងមាំ​សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ជាមួយនឹងដំណើរទស្សនកិច្ចមកកម្ពុជាលើកទី១ លោក Riccardo Puliti បានសម្ដែងនូវសោមនស្សរីករាយដែលបានទទួលឱកាសក្នុងការចូលជួពសម្តែងការគួរសម និងជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្រ្តី និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា។

លោកបានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រីថា IFC ប្រចាំតំបន់អាស៊ីប៉ា​ស៊ីហ្វិក បាននិងកំពុងតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យមើល និងផ្តល់ការ​ប្រឹក្សាប្រតិបត្តិការវិនិយោគលើគ្រប់វិស័យនៅក្នុងតំបន់និងជួយធនាគារពិភពលោកអភិវឌ្ឍវិស័យឯកជនប្រកបដោយចីរភាព។

លោក Riccardo Puliti បានបន្ថែមថា IFC បាន និងកំពុងធ្វើកិច្ច​សហ​ការ​​ល្អជាមួយកម្ពុជា ហើយបង្ហាញពីបំណងពង្រឹង និងពង្រីកបន្ថែមនូវកិច្ច​សហ​ការនេះ និងស្វែងយល់បន្ថែមអំពីសក្តានុពលរបស់កម្ពុជា ពិសេសអំពី​គោលនយោបាយ និងវិស័យអាទិភាពសំខាន់ៗមួយចំនួន​របស់រាជរដ្ឋាភិ​បាល​កម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅរបស់កម្ពុជាជាប្រទេស​ ដែល​មានចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាពិសេស តើ IFC អាចចូលរួមសហការ​ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើផ្នែកអ្វីខ្លះ?

ជាការឆ្លើយតបលោកឧបនាយករដ្ឋមន្ត្រី បានជម្រាបថា ដើម្បីសម្រេចចក្ខុ​វិស័យខាងលើ រាជរដ្ឋាភិបាលកម្ពុជាបានយកវិស័យឯកជនជាដៃគូ និងជា​ក្បាលម៉ាស៊ីនសម្រាប់ជម្រុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់បរិកាស​វិនិ​យោគឱ្យកាន់តែល្អប្រសើរ ដើម្បីទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។

ជាមួយការអនុម័តច្បាប់វិនិយោគថ្មីនៅឆ្នាំ២០២១ អ្នកវិនិយោគបរទេសអាច​ដាក់​ទុនវិនិយោគលើគ្រប់វិស័យ និងធ្វើជាម្ចាស់អាជីវកម្ម១០០% មិនមាន​ការ​រើសអើង និងផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើន ហើយច្បាប់វិនិយោគ​កម្ពុជាបានផ្តល់អាទិភាពលើវិស័យអាទិភាពមួយចំនួន ដូចជាឧស្សាហកម្ម​ដែលមានបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិច យានយន្ត កសិកម្ម កសិឧស្សា​ហកម្ម ឧស្សាហកម្មកែច្នៃកសិកផល ឧស្សាហកម្មឌីជីថល ហេដ្ឋារចនា​សម្ព័ន្ធ ឡូជីស្ទិក និងទេសចរណ៍ ជាដើម។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបអំពីគោលនយោបាយរបស់រាជរដ្ឋា​ភិ​បាល​លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ដែលជាវិស័យ​ដ៏សំខាន់ ដើម្បីចូលរួមឈានទៅសម្រេចគោលដៅខាងលើ ដោយរាជ​រដ្ឋា​ភិ​បាលបានអនុម័តនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភាកម្មកម្ពុជាឆ្នាំ២០២៣-២០៣៣ ដែលមានគម្រោង​ចំនួន១៧៤ ដែលត្រូវការថវិកាវិនិយោគជាង ៣៧ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះរួមមាន គម្រោងផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក ផ្លូវទឹក កំពង់​ផែ ផ្លូវអាកាស និងមជ្ឍមណ្ឌលភស្តុភាកម្មផងដែរ ដែល IFC អាចចូលរួម​ជួយអភិវឌ្ឍ ដោយពិនិត្យជ្រើសរើសយកគម្រោងអាទិភាពបំផុតចំនួន៥ មកពិនិត្យ និងវិនិយោគ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបអំពីគម្រោងព្រែកជីកហ្វូណនតេជោ និងវឌ្ឍនភាពនៃគម្រោងនេះ ដែលជាគម្រោងប្រវត្តិសាស្រ្ត និងមានអត្ថ​ប្រ​យោជន៍ខ្ពស់ ដោយជួយកាត់បន្ថយចំណាយដឹកជញ្ជូន ការខូចផ្លូវថ្នល់ និង​ស្ទះចរាចរណ៍ និងជួយទ្រទ្រង់ដល់វិស័យផ្សេងៗ ទៀតជាច្រើនផងដែរ។

ចំពោះវិស័យថាមពលស្អាត លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជាសម្រេចបានប្រមាណ ៦០% នាពេល​បច្ចុប្បន្ន ដែលមានអត្រាខ្ពស់នៅក្នុងតំបន់អាស៊ានបន្ទាប់ពីប្រទេសឡាវ និង​វៀតណាម ហើយនឹងបន្តជំរុញឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០ និង​អព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០ ដែលកម្ពុជា ត្រូវការដៃគូ​អភិវឌ្ឍន៍ធ្វើ​កិច្ច​សហការអភិវឌ្ឍន៍លើវិស័យនេះផងដែរ។

ជាការឆ្លើយតប លោក Riccardo Puliti អនុប្រធានសាជីវកម្មហិរញ្ញវត្ថុ​អន្តរ​ជាតិ ក្នុងនាមរូបលោកផ្ទាល់ និងសហការី បានថ្លែងអំណរគុណ​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានផ្តល់នូវកិច្ចពិភាក្សាប្រកប​ដោយ​ភាពស្និទ្ធស្នាលនាពេលនេះ និងផ្តល់នូវកិច្ចសហការល្អជាមួយ IFC នាពេលកន្លងមក ហើយលោក និងសហការីមានការចាប់អារម្មណ៍ខ្ពស់លើ​គម្រោងដែល លោកឧបនាយករដ្ឋមន្ត្រី បានណែនាំនិងបានសន្យានឹង​យក​ទៅពិនិត្យ​ពិចារណាដើម្បីបន្តពិភាក្សានាពេលខាងមុខ៕