(ភ្នំពេញ)៖ នាចុងឆ្នាំ២០២៤នេះ អគ្គិសនីកម្ពុជាបានដាក់ឱ្យដំណើរការខ្សែបញ្ជូនតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីទួលក្រសាំង ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មកអនុស្ថានីយអគ្គិសនីសំពៅពូន ដែលមានប្រវែងប្រមាណ៥៤គីឡូម៉ែត្រ និងអនុស្ថានីយសំពៅពូនតង់ស្យុង១១៥/២២គីឡូវ៉ុល អានុភាពផ្គត់ផ្គង់៧៥មេហ្គាវ៉ុលអំពែរ ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ការដាក់ឱ្យដំណើរការខ្សែបញ្ជូនតង់ស្យុងខ្ពស់ទាំងនេះ ចំណាយថវិកាសរុបប្រមាណ១៥លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាជាង១០លានដុល្លារអាមេរិក សម្រាប់ខ្សែបញ្ជូនក្នុងគម្រោងឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិន និងថវិកាជិត៥លានដុល្លារអាមេរិក ក្នុងគម្រោងជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីយូរអង្វែង ដោយប្រើប្រាស់ថវិកាឥណទានរបស់រាជរដ្ឋាភិបាល។

អគ្គិសនីកម្ពុជាបញ្ជាក់ដែរថា អនុស្ថានីយអគ្គិសនីថ្មីនេះមិនត្រឹមតែផ្តល់ឱ្យប្រជាជននូវការផ្គត់ផ្គង់អគ្គិសនី ដែលមានស្ថិរភាព និងគុណភាពល្អជាងមុន ដោយសារយកប្រភពខិតមកជិតប្រជាពលរដ្ឋនៅតំបន់នេះ និងបង្កើនសមត្ថភាពផ្គត់ផ្គង់ប៉ុណ្ណោះទេ វាជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាតិដ៏ថ្មីស្រឡាងដែលជាប្រភពផ្គត់ផ្គង់ថ្មីដល់ក្រុងសំពៅពូន និងស្រុកកោះធំ ខេត្តកណ្តាល ដែលកន្លងមកតំបន់នេះត្រូវបានផ្គត់ផ្គង់តាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យម២២គីឡូវ៉ុល ដែលមានចម្ងាយជាង៥០គីឡូម៉ែត្រ និងបង្កឱ្យមានការរអាក់រអួលជារឿយៗ។

អនុស្ថានីយនិងខ្សែបញ្ជូន១១៥គីឡូវ៉ុលនេះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម ពាណិជ្ជកម្មនៅក្រុងសំពៅពូន ស្រុកកោះធំ និងតំបន់ភាគខាងត្បូងតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តកណ្តាល ប្រកបដោយគុណភាព ស្ថិរភាព និរន្តភាព និងកាន់តែល្អប្រសើរជាលំដាប់ ព្រមទាំងចូលរួមចំណែកជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕