(កំពត)៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពត រដ្ឋបាលក្រុងកំពត មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ក្រុមហ៊ុនប្រមូលសំរាម ចុះធ្វើ «យុទ្ធនាការកម្ពុជាស្អាត​ កំពតស្អាត» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១២-១៥ ខែធ្នូ ឆ្នាំ២០២៤ នាឱកាសបុណ្យសមុទ្រលើកទី១១​ ជុំទី៣​ ក្រោមប្រធានបទ «អបអរសាទរបេតិកភណ្ឌ និងនិរន្តរភាពតំបន់ឆ្នេរ»។

យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ កុំបោះសំរាមចោលផ្តេសផ្តាសបណ្តាលឱ្យខូចសោភណភាព ប៉ះដល់ភាពស្អាតនៃទីក្រុង និងតំបន់ឆ្នេរសមុទ្រ ជាពិសេសដើម្បីអបអរពិធីបុណ្យសមុទ្រនៅខេត្តកំពតនេះតែម្តង។ យន្តការគ្រប់គ្រងសំរាមមុន អំឡុងពេលនិងក្រោយពិធីបុណ្យសមុទ្រត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់រដ្ឋបាលខេត្តកំពត។

* ថ្ងៃទី១២-១៥​ ខែធ្នូ ឆ្នាំ២០២៤៖ ក្រុមការងារអនាម័យប្រចាំការចំនួនប្រមាណ៨០រូប ធ្វើការសម្អាតតាមទីតាំង​ ស្ពានរថភ្លើង​ ផ្លូវព្រះអង្គដួង​ ផ្លូវលេខ៧៣៥ រង្វង់មូលទុរេន ពហុកីឡដ្ឋានជាតិ ស្ពានកំពង់បាយ​ រង្វង់មូលទឹករលក​​​ រមណីយដ្ឋានស្រះឈូក តាមឆ្នេរព្រែកពីស្ពានឥន្ធនូដល់ស្ពានត្រើយកោះ ផ្លូវជាតិលេខ៣​ លេខ៣៣ ផ្លូវជំវិញក្រុង។

* ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤៖​ ក្រុមការងារបានជួបសំណេះសំណាល​​ និងផ្សព្វផ្សាយអំពីយុទ្ធនាការកម្ពុជាស្អាត​ កំពតស្អាត ដល់បងប្អូនក្រុមការងារសម្អាតអនាម័យក្រុងប្រមាណ១០០នាក់​ ទៅទីតាំងរង្វង់មូលទុរេន។​

* ថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៤៖​​ ក្រុមការងារសហការជាមួយរដ្ឋបាលខេត្តកំពត ក្រុងកំពត មន្ទីរទេសចរណ៍​ មន្ទីរបរិស្ថាន បានរៀបចំផ្សព្វផ្សាយយុទ្ធនាការកម្ពុជាស្អាត​ កំពតស្អាត​ ដោយមានការអញ្ជើញចូលរួមពីលោក​ មឿង គង្គា​ អភិបាលរងនៃគណៈអភិបាលខេត្តកំពត​ ដោយការចូលរួមពីយុវជន មន្ត្រីរាជការ​ ក្រុមការងារអនាម័យសរុបប្រមាណ៥០០នាក់។​

ក្រៅពីនេះ ក្រុមការងារក៏បានរៀបចំចងបដាផ្សព្វផ្សាយអំពីទេសចរណ៍ និងបដាអប់រំមួយចំនួនផងដែរ៕