(កណ្តាល)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានថ្លែងថា រាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាងសំដៅកែលម្អជីវភាពរស់នៅ និងធានាដល់ការធ្វើអន្តរកម្មជនមានពិការភាពគ្រប់សកម្មភាព ការលើកកម្ពស់ការងារ និងធុរកិច្ច តាមបរិការណ៍នៃបរិវត្តកម្មឌីជីថល។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ និងជួបសំណេះសំណាលជាមួយកុមារ មានពិការសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្តេចកិត្តិសង្គហបណ្ឌិតបានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះជនមានពិការភាពទាំងអស់ ដែលលោកទាំងទ្វេតែងតែខ្វល់អំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ជាពិសេសគឺបងប្អូនដែលមានពិការភាព ជនមានពិការភាពសតិបញ្ញា និងអូទីស្សឹម ដោយមិនទុកឲ្យអ្នកណានៅឯកានោះទេ។
សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តថា ទិវាជនមានពិការភាពអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅគ្រប់ប្រទេសទូទាំងពិភពលោកនៅថ្ងៃទី៣ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិចូលរួមសកម្មភាពនានាក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ១.៥ពាន់លាននាក់ នៃប្រជាជនសរុបនៅក្នុងពិភពលោក ដែលជាជនមានពិការភាពកាយសម្បទា ញាណដឹង សតិបញ្ញាជាដើម ដោយសារតែការរស់នៅរបស់ពួកគេតែងតែប្រឈមជាមួយឧបសគ្គរារាំងនានា ដូចជា ការរើសអើង ការប្រមាថមាក់ងាយ ការផាត់ចេញពីសហគមន៍ ការមិនរាប់អាន ការមិនទទួលស្គាល់ ការមិនផ្តល់សេវា ការមិនផ្តល់ឱកាស និងមិនមានសិទ្ធិពេញលេញនៅក្នុងសង្គម ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តទៀតថា សម្រាប់កម្ពុជា ការប្រារព្ធទិវាជនមានពិការភាពនេះឡើង គឺដើម្បីរំលឹកពីមហាវិនាសកម្ម ដែលបានកើតឡើងដោយសារភ្លើងសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនដល់សង្គមរួមមានស្រ្តីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបានបន្សល់នូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមស្ទើរតែពាសពេញផ្ទៃប្រទេស។ នេះជាសោកនាដកម្មមួយរបស់កម្ពុជា ដែលប្រជាជនកម្ពុជាធ្លាប់ទទួលរងពីការទម្លាក់គ្រាប់បែករាប់លានតោន ដែលបានធ្វើឱ្យប្រជាជនរបួស ពិការ ស្លាប់រាប់លាននាក់ ដោយគ្មានការទទួលខុសត្រូវ ហើយបន្ទុកទាំងនេះក៏បានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យកាលជាបន្តបន្ទាប់មកនេះ។ ដូចនេះ ការធានាបាននូវសន្តិភាពនឹងជួយបង្ការការវិលត្រឡប់មកវិញនៃជម្លោះ និងសង្គ្រាម ដែលជាកត្តាដ៏ចម្បងនៅក្នុងការកាត់បន្ថយពិការភាពរបស់មនុស្សជាតិនៅលើភពផែនដីនេះ ក៏ដូចជាការកសាងលក្ខខណ្ឌសម្រាប់លើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ជនមានពិការភាពផងដែរ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាងសំដៅកែលម្អជីវភាពរស់នៅ និងធានាដល់ការធ្វើអន្តរកម្មជនមានពិការភាពគ្រប់សកម្មភាព ការលើកកម្ពស់ការងារ និងធុរកិច្ច តាមបរិការណ៍នៃបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក្នុងគោលបំណងរក្សាលំនឹងជីវភាព និងសេដ្ឋកិច្ចផងដែរ។
សម្តេចកិត្តិសង្គហបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាកក្នុងការមើលថែ និងជួយបង្រៀនដល់កុមារមានពិការភាពសតិបញ្ញា និងអូទីស្សឹម ព្រោះថា ពួកគាត់មានលក្ខណៈខុសពីកុមារធម្មតា ដែលមិនងាយក្នុងការគ្រប់គ្រង និងបង្ហាត់បង្រៀនឡើយ ដែលទាមទាឲ្យលោកគ្រូ អ្នកគ្រូ ត្រូវធ្វើនូវសកម្មភាពដដែលៗ ជាច្រើនលើក ច្រើនសារ ទើបសិស្សអាចចាប់បាន រួមជាមួយនឹងភាពអត់ធ្មត់របស់លោកគ្រូ អ្នកគ្រូគឺធ្វើដោយការពេញចិត្ត និងពោពេញទៅដោយទឹកចិត្តស្រលាញ់ចេញពីបេះដូង៕