(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋ ចំនួន៥៦គ្រួសារ ដែលទទួលរងផលប៉ះពាល់ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំវាល នៃស្រុកកណ្តៀង គិតចាប់ពីចំណុចផ្សារក្បាលហុង រហូតមកដល់ក្រោមស្ពានអាកាសផ្លូវវៀងក្រុង បាននឹងកំពុងចាប់ផ្តើមរុះរើសំណង់ជាបន្តបន្ទាប់ ដែលបានសង់លើដីសាធារណៈរបស់រដ្ឋ ក្រោយពួកគាត់យល់ព្រមទទួលយកដីឡូតិ៍លំនៅដ្ឋានថ្មី តាមរយៈការបោះឆ្នោត ដែលស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ការរុះរើនេះទៀតសោធ ត្រូវបានធ្វើឡើងស្របតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលស្រុកកណ្តៀង ស្តីពីការរុះរើសំណង់បណ្តោះអាសន្ន លើដីចំណីផ្លូវកៅស៊ូលេខ១០១ តាមបណ្តោយមាត់ស្ទឹងពោធិ៍សាត់ ត្រើយខាងលិច ក្នុងមូលដ្ឋានភូមិក្បាលហុង ភូមិវាល ភូមិពោធិ៍កំបោរ និងភូមិពោធិ៍ដំណាក់ ឃុំវាល ស្រុកកណ្តៀង ឱ្យបានត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ជាកំហិត។
គួរជម្រាបជូនថា កាលពីថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២៤ ប្រជាពលរដ្ឋ ប្រភេទ (ខ) និង(ក) សរុបចំនួន៥៦គ្រួសារ បានមកចូលរួមចាប់ឆ្នោត ទទួលយកដីឡូតិ៍លំនៅដ្ឋាន ជាការដោះដូរគោលនយោបាយ នៅទីតាំងដីឡូតិ៍ ដែលស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
ប្រជាពលរដ្ឋ ប្រភេទ (ក) មានចំនួន ៣០គ្រួសារ សំដៅលើបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋាន និងរស់នៅជាអចិន្ត្រៃយ៍ ត្រូវទទួលបានដី ៨x២០ម៉ែត្រ, ប្រភេទ (ខ) មានចំនួន២៦គ្រួសារ សំដៅលើបងប្អូនប្រជាពលរដ្ឋ ដែលមានដីទំនេរ ឬដីដាំដំណាំ រោង ឬលំនៅឋានផ្សេងៗ ដែលមិនមែនជាលំនៅឋានរស់នៅជាអចិន្ត្រៃយ៍ ត្រូវទទួលបានដី ៥x២០ម៉ែត្រ។
ការដោះដូរនេះ គឺដើម្បីយកដីសាធារណៈរបស់រដ្ឋ ដែលត្រូវពួកគាត់បានកាន់កាប់ ប្រើប្រាស់អាស្រ័យផល ធ្វើការអភិវឌ្ឍន៍ជាច្រាំងស្ទឹង មានសួនច្បារ មានកន្លែងហាត់ប្រាណ មានកន្លែងស្រស់ស្រូបយកខ្យល់អាកាស មានដាក់ទូរទូរស្សន៍LED និងអាចរៀបចំកន្លែងលក់ដូរ ឱ្យមានសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ បូករួមទាំងអនាម័យបរិស្ថាន។
សម្រាប់ទីតាំងដី ដែលត្រូវដោះដូរជូនពួកគាត់ ទាំង៥៦គ្រួសារ ត្រូវបានរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំឱ្យមានផ្លូវ ទឹក ភ្លើង និងប្រព័ន្ធលូគ្រប់គ្រាន់ ជាពិសេសមានប្លង់កម្មសិទ្ធិស្របច្បាប់តកូនតចៅ និងនៅក្បែរទីប្រជុំជនផងដែរ៕