Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ាណែត៖ «ការទទួលបាននូវព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងចេះថ្លឹងថ្លែងពិចារណា គឺសំខាន់សំរាប់បងប្អូនខ្មែរនៅក្រៅប្រទេស»

15-10-2016 07:20

(អូស្ត្រាលី)៖ លោក ហ៊ុន ម៉ាណែត មានថ្លែងបញ្ជាក់ថា «ការទទួលបាននូវព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងចេះថ្លឹងថ្លែងពិចារណា គឺសំខាន់សំរាប់បងប្អូនខ្មែរនៅក្រៅប្រទេស»។

ថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលដែល ប្រជាពលរដ្ឋខ្មែរអូស្ត្រាលី ជាង៣០០នាក់ បានជួបជុំគ្នាពិសាអាហារសាមគ្គី មហាគ្រួសារខ្មែរ ទទួលស្វាគមន៍ លោក ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតខ្មែរ លោក កុយ គួង រួមទាំងក្រុមការងារ នៅតំបន់ចុងក្រោយ នៃដំណើរទស្សនកិច្ច នៅប្រទេសអូស្ត្រាលី ក្រុងប្រីសបិន រដ្ឋ Queensland នៅពីល្ងាច ថ្ងៃទី១៣ខែតុលា ឆ្នាំ២០១៦។

ការថ្លែងរបស់ លោក ហ៊ុន ម៉ាណែត ធ្វើឡើងគ្រាដែលប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស ភាគច្រើន គឺទទួលបានព័ត៌មាន តែម្ខាងពីអ្នកធ្វើនយោបាយប្រឆាំង ដែលគេអះអាងថា ជាព័ត៌មានមិនពិត និងការផ្សាយញុះញង់ បំផ្លើសនូវរឿងអាក្រក់ពីកម្ពុជាតែប៉ុណ្ណោះ។

ប៉ុន្តែក្នុងគ្រាដែលលោក ហ៊ុន ម៉ាណែត និងក្រុមការងារធ្វើដំណើរមកដល់នេះ គឺបាននាំមកនូវព័ត៌មានពិតប្រាកដជាច្រើន រួមមាន បញ្ហាការសម្លាប់លោក កែម ឡី បញ្ហាដីធ្លី បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ បញ្ហាសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ បញ្ហាព្រំដែនជាដើម ដែលកន្លងមក ក្រុមអ្នកធ្វើនយោបាយប្រឆាំង តែងលើកមកនិយាយមិនពិត យកធ្វើជាប្រធានបទ ដើម្បីកេងចំណេញនយោបាយរបស់ខ្លួន។

ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា  អ្វីដែលលោកបកស្រាយនោះ ពុំបានបង្ខំឲ្យបងប្អូនខ្មែរជឿលោកនោះទេ ប៉ុន្តែលោកចង់ឲ្យប្រជាពលរដ្ឋ បានដឹងថាការពិតខ្លះ ដោយឲ្យប្រជាលរដ្ឋចេះថ្លឹងថ្លែង ពិចារណាពេលទទួល បានព័ត៌មានតែមួយចំហៀងនោះ។

សូមជម្រាបថា នៅចុងកម្មវិធី ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ បានសម្តែងក្តីសប្បាយរីករាយ និងសុំឲ្យ លោក ហ៊ុន ម៉ាណែត បានធ្វើដំណើរមក ឲ្យបានញឹកញាប់ជួបបងប្អូនខ្មែរ ។ ប្រជាពលរដ្ឋបានតម្រង់ជួរ សុំថតជាមួយលោក ហ៊ុន ម៉ាណែត និងបានរាំជួបជុំគ្នាយ៉ាង សប្បាយផងដែរ។

លោក ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតខ្មែរ ព្រមទាំងក្រុងការងារ បានបន្តដំណើរពីប្រទេសអូស្ត្រាលី មកកាន់ប្រទេសញូវសឺឡែនហើយ ដើម្បីបន្តជួបជុំបងប្អូនខ្មែរនោះទៀត៕