(ត្បូងឃ្មុំ)៖ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា កៅស៊ូឆ្នាំនេះមានតម្លៃល្អបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ដោយឆ្នាំនេះកៅស៊ូកម្ពុជា ស្ថិតនៅក្នុងរង្វង់ចាប់ពី ១ពាន់ដុល្លារ ទៅ២ពាន់ដុល្លារ ក្នុងមួយតោន។

ការលើកឡើងបែបនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសបើកដំណើរការប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៤។ ពិធីនេះមានការអញ្ជើញចូលរួមពី កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម លោក ប៉ុល សុផា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ, មន្ត្រីជំនាញអគ្គនាយកដ្ឋានកៅស៊ូ និងវិទ្យាស្ថានកៅស៊ូកម្ពុជា រួមទាំងប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំផងដែរ។

លោក ប្រាក់ ដាវីដ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កៅស៊ូឆ្នាំនេះ មានតម្លៃល្អបើប្រៀបធៀបទៅនឹងឆ្នាំមុន យើងឃើញថាឆ្នាំនេះកៅស៊ូក្នុងរង្វង់ចាប់ពី ១ពាន់ក្រាស់ទៅ ២ពាន់ដុល្លារ ក្នុងមួយតោន»

បើតាម លោក ប្រាក់ ដាវីដ, តម្លៃនៅក្នុងកសិផលកៅស៊ូតែងតែឡើងចុះ មិនអាចតម្លៃថេរនោះទេ ខណៈសព្វថ្ងៃនេះ កម្ពុជាមានដីដាំដុះកៅស៊ូប្រមាណជាង ៤០ម៉ឺនហិចតា ហើយកៅស៊ូដែលប្រមូលបានក្នុងមួយឆ្នាំៗជាង ៤០ម៉ឺនតោន៕