(បន្ទាយមានជ័យ)៖ លោក សន ស៊ីផល ត្រូវបានប្រកាសតែងតាំងប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ជំនួសលោក ព្រឹម សាលី ដែលត្រូវទទួលភារកិច្ចថ្មីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពិធីនេះបានធ្វើឡើងនៅ រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយដ្ឋានពន្ធដារ, លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្ត ប្រធាន អនុប្រធាន មន្ទីរ ស្ថាប័ន រដ្ឋបាលក្រុង ស្រុក រដ្ឋបាល ឃុំសង្កាត់ជាច្រើនរូបទៀតផងដែរ។
លោក សន ស៊ីផល បានប្តេជ្ញាចិត្តថា លោកនឹងបន្តពង្រឹងការប្រមូលចំណូលពន្ធចូលរដ្ឋឱ្យបានល្អ ជាពិសេសនឹងបន្តចុះផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីច្បាប់ នៃកាតព្វកិច្ចពន្ធ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យការប្រមូល ចំណូលពន្ធ ស្របទៅតាមគោលការរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសសាខាពន្ធខេត្តបន្ទាយមានជ័យ នឹងខិតខំបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ឱ្យបានកាន់តែល្អ ប្រសើរថែមទៀតផងដែរ។
លោក អ៊ុំ រាត្រី បានវាយតម្លៃ និងកោតសរសើរការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងាររបស់លោកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យចាស់ ក្នុងនោះលោកលើកទឹកចិត្តលោក ព្រឹម សាលី ដែលបានឡើងទៅ បម្រើការងារនៅក្រសួង។
លោកសង្ឃឹមយ៉ាងមុតមាំថា លោកប្រធានសាខាពន្ធដារថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការល្អ និងរឹងមាំ ជាមួយមន្ទីរអង្គភាពដែលពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការងារឱ្យបានល្អប្រសើរ ជាពិសេសត្រូវពង្រឹងកិច្ចសហការផ្ទៃក្នុង ជាមួយមន្ត្រីក្រោមឱវាទដោយយកគំរូតាមលោកប្រធានចាស់។
ថ្លែងនៅក្នុងពិធីនោះ លោក កែន សម្បត្តិ បានលើកឡើងថា ការប្រកាស និងផ្ទេរមុខតំណែងប្រធានសាខាពន្ធដារនេះ មិនមែនជាការប្រកាសដកតំណែងនរណាម្នាក់នោះទេ តែជាយន្តការក្នុងការផ្លាស់ប្តូររបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការពង្រឹងលើការប្រមូលចំណូលពន្ធជូនរដ្ឋ យកទៅប្រតិបត្តិការនៅតាមក្រសួងស្ថាប័ននានានៅកម្ពុជា ដូចជាបើកប្រាក់បៀវត្សន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យទាំងនេះសុទ្ធតែចេញពីចំណូលពន្ធ ដែលប្រើប្រាស់ប្រកបដោយនីតិវិធីច្បាស់លាស់ និងមានប្រសិទ្ធភាព។
លោកបានបន្តថា មកទល់ពេលនេះបងប្អូនប្រជាពលរដ្ឋ មានការយល់ដឹងច្រើនពីច្បាប់ពន្ធដារ ធ្វើឱ្យការប្រមូលចំណូលពន្ធរបស់យើងនៅតែមានសន្ទុះខ្លាំង ហើយលើសផែនការជាប់ជាប្រចាំ ហើយកត្តាដែលធ្វើឱ្យការប្រមូល ចំណូលពន្ធមានការកើនឡើងជាប្រចាំ គឺបណ្តាលមកពីសន្តិភាពនយោបាយ ការគោរពសិទ្ធិមនុស្ស សន្តិសុខ និងសន្តិភាពក្នុងប្រទេស ធ្វើឱ្យអ្នកវិនិយោគក្រៅប្រទេស និងក្នុងប្រទេស មានការចូលរួមបណ្ដាក់ទុនវិនិយោគ ធ្វើឱ្យប្រជាពលរដ្ឋយើងមានការងារធ្វើច្រើនដែលជាកត្តាជំរុញឱ្យការប្រមូលចំណូលពន្ធចូលរដ្ឋមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំជាលំដាប់៕