Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខេត្តព្រៃវែង បើកវេទិកាពិគ្រោះយោបល់ឆ្នាំ២០២៤ នៅស្រុកពារាំង និងស្រុកពាមជរ ដើម្បីដោះស្រាយសំណូមពរនានារបស់ពលរដ្ឋ

16-12-2024 15:07

(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារបើកវេទិកាពិគ្រោះយោបល់ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង នៅស្រុកពារាំង និងលោក សួន សុម៉ាលីន អភិបាលខេត្ត បានដឹកនាំក្រុមការងារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែងនៅសាលាស្រុកពាមជរ ខេត្តព្រៃវែង។

លោក សួន សុម៉ាលីន បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ ផ្តោតសំខាន់ទៅលើគោលដៅផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានតាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិនិត្យ ដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក អោយកាន់តែល្អប្រសើរឡើង។

ជាមួយគ្នានេះ លោកស្បោង សារ៉ាត បានថ្លែងថា តាមរយៈការសម្របសម្រួលវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់នេះ ក្រុមប្រឹក្សាខេត្តបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើសេចក្តីសម្រេច ក្នុងភាពជា តំណាងសាធារណៈ ហើយសម្រេចបានលទ្ធផលសំខាន់ៗ និងចាំបាច់បំផុតដែលអនុវត្តដោយរដ្ឋបាលខេត្ត។ តាមរយៈការអនុវត្តន៍សកម្មភាព រយៈពេលកន្លងមក ត្រូវបានបង្ហាញ និងផ្សព្វផ្សាយ ព្រមជាមួយការប្រមូលបាននូវមតិយោបល់ សំណូមពរ បញ្ហាប្រឈម និងក្តីកង្វល់នានាពីប្រជាពលរដ្ឋ ដើម្បីក្រុមប្រឹក្សាខេត្ត ធ្វើជាមូលដ្ឋាន ពិចារណាក្នុងការរៀបចំផែនការសកម្មភាពគាំទ្រសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

លោកបានបញ្ជាក់ថា កិច្ចដំណើរការអស់រយៈពេលមួយព្រឹក ពិតជាខ្លីណាស់សម្រាប់ការពិគ្រោះយោបល់ និង ការពិភាក្សា អំពីកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន ប៉ុន្តែវាជាចំណែកមួយយ៉ាងសំខាន់ ក្នុងការចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈម តម្រូវការចាំបាច់ និងតម្រូវកាជាក់ស្តែង នៅមូលដ្ឋាន ។ អង្គវេទិកាយើងបានដំណើការប្រកបដោយរលូន និងជោគជ័យ ទាំងនេះគឺដោយសាមានការចូល រួមយ៉ាងផុលផុស ពីសមាជិក សមាជិកាតាមរយៈការលើកជាសំណួរ សំណូមពរ និងតម្រូវការចំបាច់នានា ក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តនាឱកាសនេះ។

សូមបញ្ជាក់ថា នៅក្នុងអង្គវេទិកានេះ ក៏មានជាសំនួរ និងសំណូមពរដែលប្រជាពលរដ្ឋបានលើកឡើង ហើយអង្គវេទិកាផ្សព្វផ្សាយនិង ពិគ្រោះយោបល់បានឆ្លើយតបនិងស្រាយបំភ្លឺសំណួរ និងសំណូមពរ រីឯបញ្ហាដែលនៅសល់រដ្ឋបាលខេត្ត នឹងយកទៅពិគ្រោះពិភាក្សាជាមួយក្រុមប្រឹក្សាខេត្ត និងសមត្ថកិច្ចដែលពាក់ព័ន្ធ រួចរកវិធានការណ៍ដោះ ស្រាយឱ្យបានទាន់ពេលវេលាទៅតាមសមត្ថកិច្ចរៀងៗខ្លួនផងដែរ៕