(បាត់ដំបង)៖ អភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក ៣ខេត្ត (បាត់ដំបង-ព្រៃវែង-បន្ទាយមានជ័យ) កាលពីថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារ និងសមិទ្ធផលនានា នៅស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុករុក្ខគិរី ខេត្តបាត់ដំបង ក្នុងគោលបំណងបើកប្រើប្រាស់អាគារថ្មី និងជាទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុករុក្ខគីរី។
អភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា អាគារស្នាក់ការថ្មី របស់សហភាពសហព័ន្ធយុវជនកម្ពុជានេះ គឺជាសមិទ្ធផលមួយ ក្នុងការបម្រើនិងសម្រួលការងារងាយស្រួលដល់សមាជិកនៃសហភាពសហព័ន្ធយុវជនកម្ពុជាស្រុករុក្ខគីរី ខេត្តបាត់ដំបង។
អភិសន្តិបណ្ឌិត ស សុខា បានរំលឹកដល់សមាជិកក្នុងអង្គពិធីថា ស.ស.យ.ក. ដែលមានឈ្មោះពេញ សហភាពសហព័ន្ធយុវជនកម្ពុជា គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់សមាជិកទាំងអស់។ អភិសន្តិបណ្ឌិត ស សុខា បានជំរុញឲ្យសមាជិកទាំងអស់ប្រឹងប្រែង ពង្រឹងសមត្ថភាពខ្លួនឯង ចូលរួមជាមួយសកម្មភាពនានា ដែលមានអត្ថប្រយោជន៍ដល់សង្គមគ្រួសារ និងសង្គមជាតិ ស្រមតាមទស្សនៈវិស័យរាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា សមិទ្ធផលអាគារថ្មីនេះ មានទំហំដី ១០០០ម៉ែត្រការ៉េ ដែលមានក្បាលដីទទឹង ២០ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ ដែលរដ្ឋបាលស្រុករុក្ខគីរី ដឹកនាំដោយ ប្រធានក្រុមប្រឹក្សាស្រុក និង អភិបាលស្រុករុក្ខគីរី បានប្រគល់ដីឲ្យខ្ចី សម្រាប់សាងសង់អាគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក។
អាគារមានចំនួន០១ខ្នង ទំហំ១២.៤ម៉ែត្រ គុណនឹង១៦.៥ម៉ែត្រ មានចំនួន០៤បន្ទប់ ក្នុងនោះមានសាលប្រជុំចំនួន០១ បន្ទប់កុំព្យូទ័រចំនួន០១ បន្ទាប់គណៈគម្មាធិការ សសយក ចំនួន០១ បន្ទប់ការិយាល័យរដ្ឋបាលចំនួន០១ រួមទាំងបន្ទប់ទឹក០២ មានរបងព័ទ្ធជុំវិញ៕