(កំពង់ធំ)៖ លោក ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់ស្ពានបេតុងឆ្លងកាត់ស្ទឹងសែន នៅភូមិឈូកស្ទឹង ឃុំឈូក និងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤។ ការចុះពិនិត្យនេះ អមដំណើរដោយលោក ចាន់ អ៊ីវ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក វង់ សំអាត ប្រធានកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប (ក្រុមក)។

លោកបានផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំ លោក ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រី ជូនចំពោះបងប្អូន ពិសេសចក្ខុវិស័យកម្ពុជារបស់រាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមាន បាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

លោកបានលើកឡើងពីសារៈប្រយោជន៍ នៃស្ពាននេះដែលបម្រើផ្នែកសេដ្ឋកិច្ច និងសង្គម មានសក្ដានុពលសម្រាប់ការទំនាក់ទំនង ទទួលសេវាសង្គម និងសេវាសាធារណៈជូនប្រជាពលរដ្ឋ ហើយចាប់ពីពេលបច្ចុប្បន្នទៅអនាគតត្រូវរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេសរក្សាឱ្យបាននូវសុខសន្តិភាពទប់ស្កាត់កុំឱ្យមានសង្គ្រាមវិលត្រឡប់មកវិញ។

លោកបន្តថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤វេលាម៉ោង ១០.៤០នាទី មានករណីលិចទូកចម្លងបណ្តាលឲ្យរងគ្រោះសិស្សចំនួន០២នាក់ គឺកុមារី ឈ្មោះ ធឿន ស្រីពេជ្រ រៀនថ្នាក់ទី៧ មានទីលំនៅ ភូមិជាំបឹង ឃុំស្រើង ជួយសង្រ្គោះបាន និងកុមារី ឈ្មោះ អ៊ីន សុភ័ក្រ រៀនថ្នាក់ទី៧ មានទីលំនៅភូមិជាំបឹង ឃុំស្រើង បាត់បង់ជីវិត។

ដោយឃើញហេតុការណ៍នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាក្រុមការងារចុះមកសិក្សាជាបន្ទាន់ដើម្បីសាងសង់ស្ពានជូនបងប្អូនឲ្យបានទាន់ពេលវេលា។

ប្រជាពលរដ្ឋសប្បាយចិត្តរីករាយយ៉ាងខ្លាំងដោយឃើញពីទឹកចិត្តថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ សូមឲ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសុខភាពល្អបន្តដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត ហើយនេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តកំពង់ធំដែលជាស្ពានទី៩ ឆ្លងកាត់ស្ទឹងសែន។

គួរបញ្ជាក់ថា ស្ពានបេតុងមានប្រវែង ១៤៤ម៉ែត្រទទឹង ៨ម៉ែត្រកម្ពស់ ១៥ម៉ែត្រ និងសាងសង់ផ្លូវបេតុង ៣០០ម៉ែត្រ ស្ថាបនាដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប (ក្រុមក) ស្ថាបនារយៈ១២ខែ ដោយចាប់គិតពីថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥៕