(រតនគិរី)៖ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី, លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល ជាមួយសិស្សានុសិស្ស ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន៩នាក់ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នាសម័យប្រឡងកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានអនុប្រធានមន្ទីរមួយចំនួន ព្រមមាតាបិតា អាណាព្យាបាលសិស្សជាប់និទ្ទេស A ទាំង៩រូបផងដែរ។

នៅក្នុងឱកាសនេះ លោក ញ៉ែម សំអឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជ័យលាភីទាំង៩រូប ដោយលោកបានចាត់ទុកក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ទាំងអស់គ្នានេះ គឺជាធនធានមនុស្សមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ។ ដូច្នេះក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ លើជំនាញឯកទេស ដែលខ្លួនចង់សិក្សាឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត ធ្វើយ៉ាងណាជួយអភិវឌ្ឍន៍ប្រទេសជាតិ និងក្រុមគ្រួសាររបស់ខ្លួនកាន់តែរីកចម្រើនទៅមុខជាលំដាប់។

លោកអភិបាលខេត្តបានបន្តថា ប្រទេសជាតិមានសន្តិភាព ក្រោមការដឹកនាំប្រកបដោយភាពដ៍ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលសម្តេចខិតខំស្វែងរក សន្តិភាពជូនប្រទេសជាតិ និងក្រោមការដឹកនាំបន្តរបស់សម្ដេចបវរធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើវិស័យអប់រំ ជាក់ស្តែងសម្តេច បានណែនាំឱ្យក្រសួងអប់រំដាក់ចេញនូវកម្មវិធីអប់រំធ្វើយ៉ាងណាកសាងធនធានមនុស្ស ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល។

នៅក្នុងឱកាសនេះ លោក ញ៉ែម សំអឿន បានផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់ក្មួយៗទាំង៩នាក់ក្នុងម្នាក់ៗ ទទួលបានកុំព្យូទ័រយួរដៃ ១គ្រឿង និងថវិកា ៣០មុឺនរៀល, ជូនវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ២លានរៀល,ជូនវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ៥០មុឺនរៀល, ជូនវិទ្យាល័យសោមធំ ៥០មុឺនរៀល និងមជ្ឈមណ្ឌលគ្រូយើង៥០ម៉ឺនរៀលផងដែរ។

សូមរំលឹកថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឆ្នាំសិក្សា២០២៣-២០២៤ ខេត្តរតនគិរី មានបេក្ខជនមកប្រឡងចំនួន ១,៦៨៨នាក់ ស្រី ៨៥៥នាក់ ប្រឡងជាប់ជាស្ថាពរចំនួន ១,៣៨០នាក់ ស្រី ៧២៣នាក់ ក្នុងនោះប្រឡងជាប់គិតជាមធ្យមភាគ ៨១. ៧៥%ស្រី ៨៤. ៥៦%។ សិស្សប្រឡងជាប់ និទ្ទេស A ចំនួន ៩នាក់ ស្រី៥នាក់, និទ្ទេស B ចំនួន ៩៣នាក់ ស្រី៥៣នាក់, និទ្ទេស C ៣០៧នាក់ ស្រី ១៧៥នាក់, និទ្ទេស D ៥២៦នាក់ ស្រី ២៩១នាក់, និងនិទ្ទេស E ចំនួន ៤៤៥នាក់ ស្រី ១៩៩នាក់៕