(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បើកកិច្ចប្រជុំត្រៀមរៀបចំស្តីពីការតាំងពិព័ណ៌ម្ហូបអាហារដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកអភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធមួយចំនួនទៀតចូលរួមផងដែរ។
លោក សុខ លូ បានឱ្យដឹងអំពីការរៀបចំក្រុមការងារចុះត្រួតពិនិត្យទីតាំងជាក់ស្តែងបន្ថែមទៀត និងសហការជាមួយក្រុមជាង ដែលទទួលការជួសជុល កែសម្រួល រចនាឡើងវិញ ព្រះពុទ្ធរូបអង្គធំ អង្គតូច និងមានការរៀបចំ សោភ័ណភាព ព្រមទាំងកែសម្រួលលំនៅឋានមិនរៀបរយនៅជុំវិញទីតាំងជើងភ្នំសំពៅ ដែលនិងត្រូវចាប់ផ្តើមដំណើរការ ធ្វើឲ្យបានឆាប់ និងមានគុណភាពល្អប្រណិត និង មានប្រសិទ្ធភាពខ្ពស់។
លោកអភិបាលខេត្តបាត់ដំបង ថ្លែងថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តបាត់ដំបងតែងតែបានធ្វើព្រឹត្តការនេះឡើងដើម្បីបង្ហាញពីស្នាដៃ អ្នកធ្វើម្ហូបអាហារខ្មែរ ក្នុងខេត្តបាត់ដំបង ធ្វើការផ្សព្វផ្សាយ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តក៏ដូចជាការជូនដំណឹងដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានមកលេងបានស្គាល់ពីស្នាដៃចុងភៅ អ្នកធ្វើម្ហូបខ្មែរនៅខេត្តបាត់ដំបង ដែលធ្លាប់មានទទួលស្គាល់ពីមជ្ឈដ្ឋានកន្លងមក។
លោកបានបន្តថា ក្នុងព្រឹត្តការណ៍នេះផងដែរ ខេត្តបាត់ដំបង ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤-២០២៥ នេះ និងមានការសម្ពោធជាផ្លូវការនាចុងខែធ្នូខាងមុខនេះនៅផ្លូវលេខ១ មុខអគារសារមន្ទីរប្រវត្តិសាស្រ្ត (សាលាខេត្តចាស់) ជាផ្លូវការផងដែរ។
ក្នុងឱកាសនោះដែរ លោកបានបញ្ជាក់ថា អំពីការរៀបចំពិធីព្រឹត្តការណ៍សង្រ្កាន្តចូលឆ្នាំថ្មី ឆ្នាំខ្មែរប្រពៃណីជាតិ ២០២៥ យើងបានសហការគ្នាជាមួយ ថ្នាក់ដឹកនាំក្រុមការងារ ស.ស.យ.ក ដូចឆ្នាំមុនៗ និងរដ្ឋបាលខេត្តដែលមានទីតាំងនៅក្នុងសាលាខេត្ត ដោយបានផ្លាស់ប្តូរទីតាំងចាស់ពីវិទ្យាល័យ នេត យ៉ង់ មកកន្លែងថ្មីវិញ។
លោកបានប្រាប់ទៅរដ្ឋបាលក្រុង ត្រូវរួសរាន់រៀបចំតុបតែងសោភ័ណភាពក្រុងក្នុងការកាត់តម្រឹមដើមឈើ និងមិនអនុញ្ញាតឲ្យមានស្លាកយីហោស្រាបៀនៅតាមដងផ្លូវសាធារណ:ធំៗបន្តទៀតបានឡើយ និងសម្អាត សំរាម អនាម័យ
បរិស្ថានឲ្យបានស្អាតល្អប្រសើ ដើម្បីលម្អទីក្រុងក្នុងពិធីបុណ្យ ព្រឹត្តការណ៍ផ្សេងៗជាបន្តបន្ទាប់នាពេលខាងមុខនេះ។
លោកក៏បានណែនាំរដ្ឋបាលស្រុកនានា ក្នុងខេត្តមានកិច្ចសហការចូលរួម និងអំពាវនាវប្រជាពលរដ្ឋក្នុង និងក្រៅខេត្ត មកលេងកម្សាន្តគ្រប់ព្រឹត្តការណ៍ទាំងអស់ឲ្យបានច្រើនកុះករទទួលបានសប្បាយរីករាយបានដោយរលូនផងដែរ៕